ភ្នំពេញ៖លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ទោះបីជា វិស័យទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំង ពីវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ យើងសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានថ្លែងថា ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ បានចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧,២៤% ធៀបនឹងរយៈពេល៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើង ជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម្ល៉េះ។
ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥.៧៥០នាក់ ថយចុះ ៤៦,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានបញ្ជាក់ថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩ វានឹងធ្វើឲ្យសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ទេ កម្ពុជា នៅឆ្នាំ២០២០នេះ នឹងទទួលភ្ញៀវទេសចរចំនួន៧លាននាក់ តែចំនួននេះ អាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់ កាលវិបត្តិជំងឺកូវីដ-១៩(Covid-19 )និងផែនការអនុវត្តបន្ត នៅសាលារាជធានីភ្នំពេញ។
លោក ថោង ខុនបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ។ ជាក់ស្តែង គិតត្រឹម ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥.៤០៥នាក់។ ប៉ុន្តែសម្រាប់គោលដៅរាជធានីភ្នំពេញ មិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំង ដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។
ជាមួយគ្នានោះ លោកបានសន្និដ្ឋានថា ចលនាទេសចរណ៍ក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។ បច្ចុប្បន្ននេះយើងបានទទួលព័ត៌មាន អំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តាប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ។
លោកក៏បានបញ្ជាក់ផងដែរថា តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩នេះ វានឹងធ្វើឲ្យសេដ្ឋកិច្ចលើពិភពលោកថយ ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ កម្ពុជា នៅឆ្នាំ២០២០នេះ នឹងទទួលភ្ញៀវទេសចរចំនួន៧លាននាក់ តែចំនួននេះអាចទទួលបាននៅឆ្នាំ២០២៥ឯណោះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ដោយមិនឲ្យជួបជុំ ការបិទអាជីវកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចុះជួយដល់ប្រជាពលរដ្ឋក្រីក្រ ។ យើងបានបង្កើតក្រុមការងារដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដោយបង្កើតទីតាំងចត្តាឡីស័កនៅតាមបណ្ដាលទីតាំងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។
លោកក៏បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៣៦០ទីតាំង ក្នុងចំណោមមូលដ្ឋានអាជីវកម្មចំនួន១៩០០ទីតាំង ស្មើនឹង១៨,៩ភាគរយ យើងបានបិទដំណើរការអាជីកម្មទាំងនេះ ជាបណ្ដោះអាសន្ន ទៅតាមការណែនាំរបស់ក្រសួង និងស្ថាប័នជំនាញ តែដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងរក្សាការងារធ្វើ រដ្ឋាភិបាលបានលើកចិត្ត ការធ្វើទេសចរណ៍នៅក្នុងស្រុក និងការបញ្ចេញថវិកាជាតិ ជួយដល់កម្មករនិយោជក ដែលរងផលប៉ះពាល់ដោយជំងឺនេះ ជាមួយនឹងការគាំពារសង្គមផ្សេងទៀត ដោយរដ្ឋាភិបាលបានចំណាយថវិកាចំនួន២៥លានដុល្លារ ក្នុងមួយខែ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ មានពាក្យចចាមអារ៉ាមថា នៅរាជធានីភ្នំពេញ បាននិងកំពុងលួចបើកខារ៉ាអូខេ នេះគ្រាន់តែជាពាក្យចចាមអារ៉ាម មិនមែនជាការពិតនោះទេ ។ ធាតុពិតអ្វីដែលពួកគាត់ធ្វើនោះ គឺការបង្វែរទិស ពីការបើកខារ៉ាអូខេ បើកបៀរហ្គាឌិន មកជាកន្លែងបើកហាងហូបចុកប៉ុណ្ណោះ ហើយអ្វីដែលខុសនោះ គឺពួកគាត់មិនបានមកសុំច្បាប់អនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ។ ប៉ុន្តែទោះបីជាយ៉ាងណា ដ៏កិច្ចការងារនេះ
រដ្ឋបាលរាជធានីភ្នំពេញ និងសហការជាមួយក្រសួងទេសចរណ៍ ដើម្បីធ្វើការសម្របសម្រួលធ្វើយ៉ាងណាមួយ ដើម្បីអាចឲ្យពួកគាត់ដំណើរការបើកអាជីវកម្មបាន ដើម្បីរក្សាកំណើនសេដ្ឋកិច្ច រដ្ឋាភិបាល និងរាជធានីភ្នំពេញផងដែរ។
លោកក៏បានបញ្ជាក់ផងដែរថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ បងប្អូនបើកអាជីវកម្មដ្ឋាន ដូចជា បើកអាជីវកម្មសប្បាយភាព ពួកគាត់មិនបានអនុវត្តផ្ទុយពីការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះទេ៕
ដោយ៖កូឡាប