បាត់ដំបង៖រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភជាថវិកាប្រចាំខែ ដល់ប្រជាពលរដ្ឋក្រីក្រកម្រិតមួយ និងកម្រិតពីរប្រមាណជាង ៦ម៉ឺនគ្រួសារ ដែលរងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំង ដោយសារបញ្ហាជំងឺកូវីដ១៩ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។
ការលើកឡើងនេះ ក្នុងពិធីប្រកាសតែងតាំងលោក ញឹក សារ៉ែម ជាអភិបាលស្ដីទីស្រុកគាស់ក្រឡ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហា កូវីដ១៩ ពលរដ្ឋខេត្តបាត់ដំបងមួយចំនួន ក៏មិនខុសពីរាជធានីឬតាមបណ្ដាខេត្តផ្សេងៗនោះទេ ដែលរងការប៉ះពាល់ជីវភាព ដោយពលរដ្ឋក្នុងខេត្តខ្លះបានបាត់បង់ការងារធ្វើ ហើយអ្នកខ្លះទៀត ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ក៏បានបាត់បង់ការងារធ្វើផងដែរ។ បញ្ហានេះហើយ រាជរដ្ឋាភិបាលចាប់ផ្ដើ
មស្រាវជ្រាវអត្តសញ្ញាណគ្រួសារពលរដ្ឋរងការប៉ះពាល់ ដោយសារជំងឺកូវីដ១៩។ សម្រាប់ខេត្តបាត់ដំបង បានវាយតម្លៃរកឃើញចំនួនជាង ៥០០០គ្រួសារ ដោយរាប់ទាំងពលរដ្ឋក្រីក្រចាស់ផងសរុបជាង ៦ម៉ឺនគ្រួសារ ស្ថិតក្នុងពលរដ្ឋក្រីក្រកម្រិតមួយ និងក្រីក្រកម្រិតពីរ ហើយខេត្តក៏បានផ្ទេរសាច់ប្រាក់ជូនពួកគេបានជាង ១៣០០លានរៀល ស្មើនឹងជាង ៣០ម៉ឺនដុល្លារ។
បើតាមលោក អ៊ីវ កុសល ប្រធានមន្ទីរផែនការ បានប្រាប់ឲ្យដឹងថា រហូតមកដល់ពេលនេះ អាជ្ញាធរតាមបណ្ដាស្រុកក្នុងខេត្តបាត់ដំបង ក៏បានចែកប័ណ្ណសមធម៌ (ហៅ ប័ណ្ណក្រីក្រ) ជូនពលរដ្ឋក្រីក្រដែលរងការប៉ះពាល់ ដោយសារជំងឺកូវីដ១៩នេះ ស្ទើរតែចប់រួចរាល់អស់ហើយ។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានណែនាំដល់អភិបាលស្ដីទីស្រុកគាស់ក្រឡ ត្រូវខិតខំធ្វើការងារបម្រើពលរដ្ឋ មានទាំងផ្នែករដ្ឋបាល សេវាសាធារណៈ ការជួយដោះស្រាយបញ្ហាក្នុងមូលដ្ឋានជាដើម ត្រូវចុះសួរសុខទុក្ខអ្នករងការប៉ះពាល់ ដោយជំងឺកូវីដ១៩ ស្តីពីការងារទទួលបាននូវប័ណ្ណក្រីក្រ របស់រាជរដ្ឋាភិបាលនេះ ហើយអាជ្ញាធរក្រុងនិងបណ្ដាស្រុក រួមទាំងមន្ទីរពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយ ពីបញ្ហាអប់រំការការពារជំងឺកូវីដ១៩ ឲ្យបានផុសផុលថែមទៀត ខណៈកម្ពុជានៅតែបន្តរកឃើញអ្នកឆ្លងថ្មី នាំចូលពីខាងក្រៅប្រទេសនោះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០លោក ញឹក សារ៉ែន ប្រធានផ្នែកច្បាប់និងស៊ើបអង្កេតនៃសាលាខេត្តបាត់ដំបង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្តីទី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជំនួសលោក ម៉ៅ សុខចាន់ អភិបាលស្រុកចាស់ ត្រូវបានផ្ទេរឲ្យទៅបម្រើការងារសាលាខេត្តបាត់ដំបងវិញ៕ ដោយ៖អ៊ុងសារុំ