Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ អំពី​បញ្ហា​ប្រមូល​ធនធានមនុស្ស​ជំនាញ ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សម្រាប់​ជាឃ្លាំង​ចំណេះ​របស់​ជាតិ​

spot_img

​ភ្នំពេញ​៖ ក្នុង​កាលៈទេសៈ​ដែល​អតីត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ត្រូវបាន​រាជរដ្ឋាភិបាល​ប្តូរ​ឈ្មោះ ជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ត្រូវបាន​បង្កើត​អគ្គនាយកដ្ឋាន​ចំណុះ​ថ្មី​មួយ ហៅថា​៖ អគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​មួយ គឺ​៖​វិទ្យាស្ថាន​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នាពេល​ថ្មីៗ​នេះ ដើម្បី​ឲ្យ​ស្រប​និង​និន្នាការ​រីកចម្រើន​នៃ​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ និង​សេដ្ឋកិច្ច​បែប​ឌីជីថល ។
​ក្នុងនោះ​តម្រូវការ​ធុន​ធាន​មនុស្ស​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​នៅ​បែកខ្ញែក​គ្នា តាម​ស្ថាប័ន ក្រសួង មន្ទីរ វិស័យ​ឯកជន​ក៏ដូចជា​នៅក្នុង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ជាដើម គឺជា​គោលដៅ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សហការគ្នា ដើម្បី​ធ្វើជា​បញ្ជីសារពើភ័ណ្ឌ​ប្រមូលផ្តុំ​ទុកជា​ខួរក្បាល​របស់​ជាតិ រួមទាំង​ការ​ផ្តោតទៅលើ​សិស្ស​លេចធ្លោ​ដែល​កំពុង​សិក្សា​ក្នុង​សាលារៀន និង​បញ្ញា​វ័​ន្ត​ដែល​បញ្ចប់​ការសិក្សា​រួចហើយ​ផងដែរ ។​

​ដើម្បី​ជា​ចំណុច​ចាប់ផ្តើម​អនុវត្ត​លើ​ការងារ​នេះ នៅ​រសៀល​ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​ក្រសួង​ស្នូល​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​គ្រប់​កម្រិត មាន​រៀបចំ​ជំនួប​ពិភាក្សា​មួយ​រវាង ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។​

​ឆ្លងកាត់​ការពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​ទៅវិញទៅមក សាមីក្រសួង​ទាំងពីរ​បានបង្ហាញ​នូវ​សារសំខាន់​នៃ​ការបណ្តុះបណ្តាល ការគ្រប់គ្រង និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការច្នៃ​ប្រ​ឌី​ត​ថ្មីៗ ហើយ​ត្រូវ​យកចិត្តទុកដាក់​ការធ្វើ​បញ្ជីសារពើភ័ណ្ឌ​មួយ ទុកជា​ធនធាន​ខួរក្បាល​របស់​ជាតិ ដែល​បច្ចុប្បន្ន​ធនធាន​ទាំងនេះ នៅ​បែកខ្ញែក​គ្នា ហើយ​មាន​មួយចំនួន​កំពុង​បំពេញការងារ​ខុស​ជំនាញ ។ មួយវិញទៀត​ការងារ​សំខាន់បំផុត គឺ​ការ​សម្រួច​ខួរក្បាល​ធនធាន​ទាំងនេះ តាមរយៈ​ការរៀនសូត្រ​ផ្សារភ្ជាប់​និង​ការអនុវត្ត​ជាក់ស្តែង ។ ពីព្រោះ​ការបញ្ចប់​សញ្ញាបត្រ​ពីសា​លា ឬ​សាកលវិទ្យាល័យ យើង​អាច​ចាត់ទុកថា​៖​ជា​ចំណេះដឹង​មូលដ្ឋាន និង​បែប​ទ្រឹស្តី​ភាគច្រើន ។ ដូច្នេះ​ជា​យន្តការ ក្រសួង​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការគ្នា ធ្វើ​សមាហរណកម្ម​ធនធាន​ទាំងនោះ តាមរយៈ​កិច្ចសហការ​រវាង​ស្ថាប័នរដ្ឋ ជាមួយ​សាកលវិទ្យាល័យ​ជំនាញ វិស័យ​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​ជាដើម ដើម្បី​ឲ្យ​ប្រាកដថា​ធនធាន​មួយណា​មាន​តម្រូវការ​ជាក់ស្តែង និង​ក៏​ជា​មូលដ្ឋាន​បែងចែក​ធុន​ធាន​ឲ្យ​ត្រូវ​មុខសញ្ញា​ការងារ ។ ក្នុងនោះ រដ្ឋ ត្រូវ​សហការ​រៀបចំ​វេទិកា ឬ​សិក្ខាសាលា​នានា ដើម្បី​ធ្វើជា​ព្រឹត្តិការណ៍​ជួបជុំគ្នា​ផ្លាស់ប្តូរ​បទពិសោធន៍ ឬ​ការផ្ទេរ​ចំណេះដឹង​ថ្មីៗ រវាង​អ្នក​បាន​ប្រឡូក​ក្នុង​ការងារ​ជាក់ស្តែង តាម​ចំណេះដឹង​ដែល​ខ្លួន​មាន និង​អ្នក​ដែល​ទើប​បញ្ចប់​ការសិក្សា​ជំនាញ​ពីសា​លា ។
​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ត្រូវមាន​ធនធាន​សមស្រប ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ផ្តល់ជំនួយ សម្រាប់​ការងារ​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ អភិវឌ្ឍ​ធុន​ធាន​គ្រូបង្រៀន គ្រូ​ទ្ទេ​សនាម ជំនាញការ និង​ធុន​ធាន​ឧបករណ៍​សម្ភារៈ ដូចជា​មន្ទីរពិសោធន៍​ជាដើម ។​

​សូមបញ្ជាក់ថា​៖ នាពេលខាងមុខ​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួងផែនការ និង​ចុះ​សិក្សា​ស្វែងយល់​តាម​សាកលវិទ្យាល័យ​ជំនាញ​ផ្សេងៗ​ទៀត ដើម្បី​ទទួលបាន​ធាតុ​ចូល​ថ្មីៗ​ថែមទៀត ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×