ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020 បានចេញ ប្រកាសអន្តរក្រសួង ស្ដីពីការគ្រប់គ្រងនិងការប្រមូលចំណូលសួយសារធនធានរ៉ែ ពីការប្រើប្រាស់ធនធានរ៉ែសំណង់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ។
បើតាមប្រកាសរបស់អន្តរក្រសួង មានគោលបំណងគ្រប់គ្រងប្រតិបត្តិការ ធនធានរ៉ែសំណង់ដូចជា ក្រួស ថ្មខ្សាច់ ឡាតេរីត អាចម៍ដី ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ និងការប្រមូលសួយសារពីការប្រើប្រាស់ធនធានរ៉ែសំណង់ទាំងនេះ ឲ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
ប្រកាសនេះ មានវិសាលភាពគ្របដណ្ដប់ លើរាល់ប្រតិបត្តិការធនធានរ៉ែសំណង់ ដែលប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឲ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា គម្រោងសាងសង់ផ្លូវ ស្ពាន ទំនប់ធារាសាស្ត្រ ស្ថានីយវារីអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រហាក់ប្រហែលដទៃទៀត។
អង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ទោះជាអង្គភាពរដ្ឋ ឬឯកជនក្តី ដែលយកធនធានរ៉ែសំណង់មកប្រើប្រាស់ដោយផ្ទាល់ ក្នុងការសាងសង់ត្រូវមានអាជ្ញាប័ណ្ណធនធានរ៉ែស្របតាមច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ នឹងត្រូវធ្វើការប្រកាសសួយសារនិងបង់ចំណូលសួយសារលើតម្លៃធនធានរ៉ែ ជូនរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ត្រូវធ្វើការប្រកាសសួយសារ នៅអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែនិងថាមពល ឬនៅមន្ទីររ៉ែនិងថាមពលរាជធានី ខេត្ត ដែលទីតាំងការដ្ឋានយកធនធានរ៉ែសំណង់នោះ ស្ថិតនៅហើយត្រូវបង់ថ្លៃសួយសារ លើតម្លៃធនធានរ៉ែ តាមលិខិតបញ្ជាបង់ប្រាក់ចំណូលលើតម្លៃធនធានរ៉ែ ដែលចេញដោយអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល ឬមន្ទីររ៉ែនិងថាមពលរាជធានីខេត្ត។
អង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ទោះជាធ្វើប្រតិបត្តិការធនធានរ៉ែសំណង់ ដោយខ្លួនឯងឬទិញពីទីផ្សារ ហើយមានបំណងរួចពីកាតព្វកិច្ចបង់សួយសារ អង្គភាពអនុវត្តគម្រោងនោះ ត្រូវស្នើសុំទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងករណីដែលទទួលបានការឯកភាព ពីរាជរដ្ឋាភិបាល កំណត់ថាកាតព្វកិច្ចបង់សួយសារ លើធនធានរ៉ែសំណង់ ជាបន្ទុករបស់រដ្ឋ នោះអង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នៅតែមានកាតព្វកិច្ចក្នុងការប្រកាសអំពីបរិមាណធនធានរ៉ែសំណង់ទាំងអស់ ដែលគ្រោងនឹងប្រើប្រាស់ ក្នុងការអនុវត្តន៍គម្រោងតាមគោលការណ៍កំណត់ របស់ក្រសួងរ៉ែនិងថាមពល ដើម្បីជាមូលដ្ឋានក្នុងការគណនា សួយសារ ដែលជាបន្ទុករបស់រដ្ឋ។ បន្ទុកសួយសារ ត្រូវបញ្ចូលជាចំណែកមួយ នៃថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ក្នុងគម្រោងហេដ្ឋា រចនាសម្ព័ន្ធរបស់រដ្ឋ។
ករណីធនធានរ៉ែសំណង់ ដែលយកមកប្រើប្រាស់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ដែលត្រូវទិញលើទីផ្សារ អង្គភាពអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ត្រូវទិញពីក្រុមហ៊ុន ឬអាជីវករ ដែលមានអាជ្ញាប័ណ្ណធនធានរ៉ែត្រឹមត្រូវ។ អង្គភាពនោះ ទៅធ្វើការប្រកាសបរិមាណ និងប្រភពផ្គត់ផ្គង់ធនធានរ៉ែសំណង់ ដែលប្រើប្រាស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជូនមកមន្ទីររ៉ែនិងថាមពលរាជធានី ខេត្ត ដែលទីតាំងគម្រោងនោះស្ថិតនៅ។
ការប្រកាសអំពីបរិមាណធនធានរ៉ែសំណង់ ត្រូវធ្វើនៅមុនពេលដែលគម្រោងចាប់ផ្ដើមអនុវត្ត ដោយត្រូវបញ្ជាក់ពីប្រភពទិញធនធានរ៉ែសំណង់នោះ និងត្រូវរាយការណ៍ពីបរិមាណធនធានរ៉ែសំណង់ ដែលបានប្រើប្រាស់ជាក់ស្ដែងរៀងរាល់ 6 ខែម្ដង និងនៅពេលបិទបញ្ចប់ការដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋជាស្ថាពរ៕ ដោយ៖កូឡាប