Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពង្រឹង​ការអនុវត្ត​ច្បាប់ ដោយ​ម៉ឺងម៉ាត់ និង​តឹង​រ៉ឺ​ង​ជា​លក្ខខណ្ឌ​ចាំបាច់ ជាង​ពេលណាៗ​ទាំងអស់ ដើម្បី​ការពារ​ប្រភេទ​ត្រី​រងគ្រោះថ្នាក់ ជិត​ផុត​ពូជ កុំ​ឲ្យ​បាត់បង់​ពី​កម្ពុជា​

​ភ្នំពេញ​៖ ការសិក្សា​វាយតម្លៃ​បឋម​មួយ​បាន​បង្ហាញថា ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី និង​បបែល​យក្ស​ទឹកសាប សុទ្ធសឹង​ជា​ត្រី​ដែល​ស្ថិតក្នុង​ចំណោម​ត្រី​ចំនួន ៣៥ ប្រភេទ កំពុង​ត្រូវបាន​គេ​ដាក់លក់​នៅតាម​ទីផ្សារ​ត្រី​ក្នុងប្រទេស​កម្ពុជា និង​ត្រូវបាន​គេ​នាំ​ចេញទៅ​លក់​នៅ​ប្រទេសជិតខាង​មួយចំនួន​ទៀតផង​។ ត្រី​គល់រាំង និង​ត្រី​ត្រសក់​ក្រហម ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ​ជាស​កល និង​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំណែកឯ​ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី សុទ្ធសឹង​ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងឱកាស​ទិវា​មច្ឆជាតិ​លើក​ទី​២០ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ នេះ រដ្ឋបាល​ជលផល និង​អង្គការ WWF សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ចាត់វិធានការ​ជាបន្ទាន់​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់​និង​តឹងរឹង​បំផុត​ចំពោះ​រាល់​ការនេសាទ និង​ការជួញដូរ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ ដែល​កំពុង​កើតឡើង​នៅក្នុង​តំបន់​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​។

​ការធ្វើ​ពាណិជ្ជកម្ម​និង​ជួញដូរ​ត្រី​ជិត​ផុត​ពូជ​ប្រភេទ​នេះ មិន​ត្រឹមតែ​ជា​ទង្វើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ សកម្មភាព​នេះ​កំពុង​បង្ក​ហានិភ័យ​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ ដល់​ធនធាន​ជលផល​កម្ពុជា ពិសេស​ប្រភេទ​ត្រី​មេ​ពូជ​សំខាន់ៗ និង​សត្វ​ផ្សោត​ទន្លេ​ដែលជា​បេតិកភណ្ឌ មាន​ជិវិត​របស់​ជាតិ​យើង​ផងដែរ​។

​រដ្ឋបាល​ជលផល អាជ្ញាធរ​ដែនដី អង្គការ WWF និង​ដៃគូរ​អភិវឌ្ឍ​ដទៃទៀត បាន​នឹង​កំពុង​យកចិត្តទុកដាក់​ការពារ និង​ថែរក្សា​មិនឱ្យ​ធនធាន​ដ៏​កម្រ​នេះ​បាត់បង់​។ មិនតែប៉ុណ្ណោះ រដ្ឋបាល​ជលផល និង​អង្គការ WWF ក៏បាន​ដាក់ចេញ​នូវ​អនុសាសន៍​មួយចំនួន​ផងដែរ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ច្បាប់​ជលផល​ចំពោះ​ការនេសាទ​និង​ជួញដូរ​ត្រី​ខុសច្បាប់ បន្ទាប់ពី​ស្ថាប័ន​ទាំងពីរ​នេះ បានបញ្ចប់​ការសិក្សា​វាយតម្លៃ​បឋម​ស្តីអំពី​ការនេសាទ និង​ការជួញដូរ​ត្រី​ខុសច្បាប់​នៅក្នុង​តំបន់ តាម​បណ្តោយ​ដង​ទន្លេមេគង្គ​កាលពីដើមឆ្នាំ​២០២០ នេះ​។​

​ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន រដ្ឋបាល​ជលផល មានប្រសាសន៍ថា​៖ “​អ្នកនេសាទ​ត្រី អ្នកទិញ​ត្រី និង​ឈ្មួញកណ្តាល មិនសូវ​យល់ដឹង​អំពី​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ពាក់ព័ន្ធ​នឹង​កិច្ចការពារ និង​ការគ្រប់គ្រង​ធនធាន​ជលផល​ទេ ជាពិសេស​ប្រភេទ​ជលផល​កំពុង​ទទួល​រង​ការគំរាមកំហែង ដែល​យើង​ត្រូវ​រួមគ្នា​អភិរក្ស​កុំឱ្យ​បាត់បង់​។ ខ្ញុំ​សូម​ស្នើ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បង្កើន​ការអប់រំ​និង​ផ្សព្វផ្សាយ​បន្ថែមទៀត​ជូន​ដល់​ប្រជា​នេសាទ និង​សហគមន៍​មូលដ្ឋាន​ដែល​រស់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ អំពី​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងទៀត​ជា​ធរមាន ក៏ដូចជា​បំផុសស្មារតី​របស់​ប្រជាជន​ឱ្យចូល​រួមការ​ពារ និង​ថែរក្សា​ធនធាន​ជលផល​កម្ពុជា​កុំឱ្យ​បាត់បង់ ហើយ​បន្ត​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ចាប់យក​ជម្រើស​មុខរប​រ​ផ្សេងទៀត​បន្ថែម​ពីលើ​ការនេសាទ​។​”

​របាយការណ៍​ស្តីពី​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង មន្ត្រី​ឆ្មាំ​ទន្លេ និង​អង្គការ WWF បាន​បង្ហាញថា មានការ​កើនឡើង​នូវ​សកម្មភាព​នេសាទ​នៅក្នុង​ដែន​អភិរក្ស ដែលជា​តំបន់​ច្បាប់​ហាមឃាត់​មិនឱ្យ​មាន ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដូចជា​៖ សំណាញ់ មង​បណ្តែត មង​កាំ​ង ស​ន្ទួ​ចរ​នង ឧបករណ៍​ឆក់ និង​ថ្នាំ​បំពុល​។ ផ្អែក​តាម​របាយការណ៍​ដដែល​នេះ ចំនួន​មង​នេសាទ​ដែល​ក្រុមការងារ​ដកហូត បាន​ពី​ការបង្ក្រាប​បទល្មើស​ជល​ផល​ក្នុង​ចន្លោះ​ខែធ្នូ​ឆ្នាំ​២០១៩ ដល់​ខែឧសភា​ឆ្នាំ​២០២០ បាន​កើនឡើង​ចំនួន ៣៨ ភាគរយ ដែល​ប្រវែង​មង​ដកហូត​បាន​សរុប​មាន​ចំនួន ៣៩.១៦២ ម៉ែត្រ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៨​និង​២០១៩ ដែល​មង​ដកហូត​បាន​មាន​ប្រវែង​សរុប​តែ ២៨.៤៣៥ ម៉ែត្រ​។ ដូចគ្នានេះដែរ ការប្រើប្រាស់​ស​ន្ទួ​ចរ​នង​មានការ​កើនឡើង​ចំនួន ៤៦ ភាគរយ ដែល​ប្រវែង​ស​ន្ទួ​ចរ​នង​ដកហូត​បាន​ចន្លោះ​ខែធ្នូ​ឆ្នាំ​២០១៩ ដល់​ខែឧសភា​ឆ្នាំ​២០២០ សរុប​មាន​ចំនួន ៣៧.០៤០ ម៉ែត្រ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៨​និង​២០១៩ មាន​ប្រវែង​តែ ២៥.៤៣៧ ម៉ែត្រ​។​

​លោក សេង ទៀក នាយក​អង្គការ WWF មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ មេត្តា​បង្កើន​ការ​រឹតបន្តឹង​លើ​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត និង​បង្កើន​យន្តការ​ត្រួតពិនិត្យ ជាប្រចាំ​នៅតាម​បណ្តា​ទីផ្សារ និង​ដេប៉ូ​ទិញ​-​លក់​ត្រី ព្រមទាំង​ដាក់ពិន័យ​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត ដល់​ជនល្មើស​ទាំងឡាយណា​ដែល​ធ្វើ​សកម្មភាព​នេសាទ​នៅក្នុង​តំបន់ហាមឃាត់ និង​ធ្វើ​ពា​ណិ​ជ្ចក​ម្ម​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​និង​ត្រី​មេ​ពូជ​ក្នុងប្រទេស​កម្ពុជា​។​”

​អនុសាសន៍​សំខាន់ៗ​ដែល​ត្រូវបាន​ដាក់ចេញ ដើម្បី​អភិរក្ស​ប្រភេទ​ត្រី​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​រួមមាន​៖ ១/​បង្កើន​ការអប់រំ​និង​ផ្សព្វផ្សាយ​ជូន ដល់​អ្នក​ប្រកប​របរ​លក់​ត្រី និង​ឈ្មួញកណ្តាល ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​អំពី​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ផ្សេងទៀត​។ ២/​បន្ត​តាមដាន​សកម្មភាព​នេសាទ​ខុសច្បាប់​ដែល​ប្រើ​ឧបករណ៍​ឆក់ និង​កំណត់​ឲ្យ​បាន​ច្បាស់​នូវ​ខ្សែសង្វាក់​ជួញដូរ​ត្រី​ខុសច្បាប់​។ ៣/​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដោយមាន​ការចូលរួមរ​បស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បញ្ឈប់​ការប្រមូល​ផល​ត្រី និង​ផ្លូវ​ដឹកជញ្ជូន​ត្រី ដែល​បានមកពី​សកម្មភាព​នេសាទ​ខុសច្បាប់​នៅតាម​ដង​ទន្លេ ក៏ដូចជា​ដើម្បី​បញ្ឈប់​ការលក់​ត្រី​ដែលជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​នៅតាម​ទីផ្សារ​។ ៤/​ក្រុមការងារ​ល្បាត​ចល័ត​ដែលមាន​សមាសភាព ដឹកនាំ​ដោយ​ប្រធាន​និង​អនុប្រធាន​ក្រុម​ឆ្មាំ​ទន្លេ ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​ចំពោះ​ការជួញដូរ​ត្រី​ខុសច្បាប់ រាប់បញ្ចូល​ទាំង​ប្រភេទ​ត្រី​កំពុង​រងគ្រោះថ្នាក់​។​

​លោក សេង ទៀក មានប្រសាសន៍​បន្ថែមទៀត​ថា​៖ “​អង្គការ WWF ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​គាំទ្រ និង​សហការ​ជាមួយ​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង ព្រមទាំង​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​អនុវត្ត​អនុសាសន៍​និង​វិធានការ​បន្ទាន់​នានា ក្នុង​គោលដៅ​បង្កើន​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​”៕
​ដោយ​៖CEN

×