Tuesday, October 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មគ្គទេសក៍ទេសចរមួយរូប ត្រូវឃុំខ្លួន ពីបទ រួមគំនិតក្បត់ ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គមអូសទាញបំផុសបំផុល ប្រជាពលរដ្ឋចូលរួមធ្វើបដិវត្តពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ទេសចរណ៍ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ 

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួននេះ តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និង ទូរគមនាគមន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។

ជនសង្ស័យបន្ទាប់មក ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ 

ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញ សង្គម ផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់ នៅក្នុងបណ្តាញសង្គម ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញបំផុសបំផុល ប្រជាពលរដ្ឋ ដែលជឿខ្វះ ការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ 

ការឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ដោយផ្អែកលើអង្គហេតុ អង្គច្បាប់និងភស្តុតាងច្បាស់លាស់ នៃការប្រព្រឹត្តបទល្មើសដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធ រឿងនយោបាយនោះឡើយ។ ពោលការអនុវត្តន៍ច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់ គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលចំពោះការ លើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានផ្សព្វផ្សាយ លើបណ្តាញសង្គមចោទប្រកាន់មកលើ ត្ថកិច្ចថាការអនុវត្តន៍ច្បាប់ចំពោះជនសង្ស័យខាងលើជាការរំលោភបំពានសិទ្ធិសេរីភាពបញ្ចេញមតិនិងបំភិតបំភ័យ ផ្នែកនយោបាយ។ ដោយការផ្សព្វផ្សាយចោទប្រកាន់នេះ ជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនផ្អែកលើអង្គហេតុ អង្គច្បាប់ឱ្យបានត្រឹមត្រូវនោះឡើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក ប៉ូច ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅពន្ធនាគារ PJ ក្នុងរាជធានីភ្នំពេញ ក្រោមបទចោទ រួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ។

ការចាប់ខ្លួន និងចោទប្រកាន់ទៅលើលោក ប៉ូច កើតមានឡើង ក្រោយពេលដែលលោកបញ្ចេញមតិលើបណ្តាញសង្គមរបស់លោក ។ លោក ប៉ូច អាចប្រឈមមុខនឹងទោសពន្ធនាគារចន្លោះពី ៥ រហូតដល់ ១០ ឆ្នាំ ប្រសិនបើតុលាការផ្តន្ទាទោសលើរូបលោក ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×