តាកែវ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជំរុញឲ្យការិយាល័យចរាចរណ៍ និងការិយាល័យបុគ្គលិក ពន្លឿនស្រាវជ្រាវលើករណីពលរដ្ឋចោទថាមន្ត្រីនគរបាលចរាចរណ៍ បានវាយលើម្ចាស់រថយន្តដឹកមេន កាលសប្តាហ៍មុន នៅតាមគោលដៅចរាចរណ៍ក្នុងក្រុងដូនកែវ ហើយរកមូលហេតុឲ្យឃើញពីដើមហេតុនៃរឿង ដើម្បីធ្វើការបកស្រាយទៅកាន់មហាជនវិញ ។
ស្នងការថ្លែងបែបនេះ គឺនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល កិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិចំនួន ១១២រូប នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ ។
ជុំវិញការស្រាវជ្រាវលើករណីនេះ មន្ត្រីនគរបាលចរាចរណ៍ ៤រូបត្រូវបានហៅមកសួរនាំ រកដើមហេតុនៃរឿង ដែលពលរដ្ឋដែលជាម្ចាស់រថយន្តដឹកមេន បានចោទប្រកាន់ថា នគរបាលចរាចរណ៍នៅក្នុងក្រុងដូនកែវ បានវាយទៅលើគាត់ ក្នុងពេលសមត្ថកិច្ចកំពុងឈរត្រួតពិនិត្យនៅតាមដងផ្លូវ ។ ជាមួយនឹងការសាកសួរនេះដែរ ឯកឧត្តមស្នងការថា បើសិនជាសមត្ថកិច្ចនគរបាលនោះធ្វើខុស ពួកគាត់ទាំងនោះ និងទទួលពិន័យរបស់អង្គភាព ហើយលោកនឹងចេញលិខិតសូមអភ័យទោស របស់គណៈស្នងការដ្ឋានទៅគ្រួសារជនរងគ្រោះ នៅកំហុសឆ្គងដែលបានធ្វើទៅលើរូបគាត់ ។ ទន្ទឹមនឹងការជំរុញលើបញ្ហានេះដែរ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅតែទទូចឲ្យមន្ត្រីនគរបាលទាំងអស់ ត្រូវតែគោរពឲ្យបាននូវវិន័យរបស់អង្គភាព ដើម្បីអនុវត្តន៍ការងារឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ លើកិច្ចការបម្រើការងារដ្ឋបាល និងបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ លឿនហើយរហ័ស ៕ដោយ៖ តាកែវ