ភ្នំពេញ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះទៅធ្វើការ ត្រូវរថយន្តហ៊ីយ៉ាន់ដាយបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ៧និង ថ្ងៃទី៤៥នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចមុខស្តុបចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះទ្រឹម សីហា អាយុ៣៧ឆ្នាំ មានមុខរបរ កម្មការិនីកាត់ដេររោងចក្រ ស្នាក់នៅបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូត្រូវបានស្លាប់។
យោងតាមការរៀបរាប់ពីបុរសម្នាក់ ដែលជាអ្នកបើកបររថយន្តវិញ ត្រូវបុកម៉ូតូជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទើបបើករថយន្ត មកពីឯខេត្តស្វាយរៀង លុះមកដល់កន្លែងកើតហេតុ បានបើកបុកជនរងគ្រោះ ដែលកំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DH-3064 បានឈប់នៅស្តុបចំការដូង ហើយរថយន្តបុកពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ អូសចម្ងាយជាង១០មែត្រ ពិតប្រាកដមែន។
អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល រួចមកប្រគល់ជូនអ្នកបើករថយន្ត បន្តនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ យកម៉ូតូ និងរថយន្ត ប្រគល់ជូនផ្នែកជំនាញចរាចរណ៍ក្រុង ចាត់ការតាមផ្លូវច្បាប់
ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិ យកទៅស្រុកកំណើតធ្វើបុណ្យ តាមប្រពៃណីផ្ទះជនរងគ្រោះ៕ដោយ៖ផាន់ណា