Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជបណ្ឌិត្យសភាកម្ពុជា ៖ ទឹកធ្លាក់ភ្នំគូលែន ពុំមែនជាទឹកអម្រិត ឬអាទិទេពនោះទេ គឺគុណភាពទឹកមានលក្ខណៈល្អបង្គួរ ពីធម្មជាតិ ដែលអាចទ្រទ្រង់ជីវិតភាវរស់ទាំងអស់

សៀមរាប៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០២០ បានចេញរបាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពី «ការពិនិត្យគុណភាពទឹកនៅភ្នំគូលេន» ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ បើតាមរបាយការណ៍បានសន្និដ្ឋានថា គុណភាពទឹកធ្លាក់ភ្នំគូលែនមានលក្ខណៈល្អបង្គួរ ពីធម្មជាតិដែលអាចទ្រទ្រង់ជីវិតភាវរស់ទាំងអស់ និងល្អសម្រាប់ការស្រោចស្រពដំណាំកសិកម្មនានា ក៏ប៉ុន្តែមិនមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ទឹកពិសានៅឡើយទេ ទឹកធ្លាក់ភ្នំគូលែនដែលមានការអះអាងថាជាទឹកអម្រិត ឬអាទិទេពនោះ គឺគ្រាន់តែជាការសន្និដ្ឋានតាមបែបជំនឿសាសនាកាលពីសម័យមុននោះ ហើយដែលវិទ្យាសាស្រ្តបច្ចេកទេសវិទ្យាមិនទាន់អាចបញ្ជាក់ពីគុណភាពទឹកនៅឡើយ។

កាលពីថ្ងៃទី ២៥- ២៩ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីរាជ​បណ្ឌិត្យ​សភាកម្ពុជាពីររូប និងមន្ត្រីបីរូបទៀតពីសមាគមគីមីកម្ពុជា និងសាកលវិទ្យាល័យអន្តរជាតិ បានចុះធ្វើការសិក្សាស្រាវជ្រាវស្តីពី «ការពិនិត្យគុណភាពទឹកនៅភ្នំគូលេន» ឃុំខ្នងភ្នំ ស្រុកស្វាយ​លើ ខេត្តសៀមរាប។

តាមលទ្ធផលនៃការកំណត់គុណភាពនៃទឹកធ្លាក់ភ្នំគូលែនបានបង្ហាញថាទឹកធ្លាក់ភ្នំគូលែន មានផ្ទុកបណ្តាសារធាតុរ៉ែ និងលោហៈធ្ងន់មួយចំនួន ក្នុងបរិមាណមួយស្ថិតក្នុងចន្លោះ ឬទាបជាងកម្រិតគុណភាពស្តង់ដារនៃទឹកលើកលែងតែដែក និងម៉ង់កាណែសដែលមានបរិមាណលើសកម្រិតស្តង់ដារ ក្នុងទីតាំងខ្លះៗនៃភាគសំណាកទឹក។

ជាសេចក្តីសន្និដ្ឋាន គុណភាពទឹកធ្លាក់ភ្នំគូលែនមានលក្ខណៈល្អបង្គួរ ពីធម្មជាតិដែលអាចទ្រទ្រង់ជីវិតភាវរស់ទាំងអស់ និងល្អសម្រាប់ការស្រោចស្រពដំណាំកសិកម្មនានា ក៏ប៉ុន្តែមិនមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ទឹកពិសានៅឡើយទេ ព្រោះវាមានសភាពល្អក់ និងមានផ្ទុកបណ្តាមីក្រូជីវសាស្រ្តក្នុងកម្រិតខ្ពស់បង្គួរ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងស្បែកមនុស្ស។ ប្រព្រឹត្តកម្ម ឬការសម្អាតទឹកគួរតែត្រូវធ្វើមុនយកប្រភពទឹកទាំងនេះទៅពិសា ឬប្រើប្រាស់តាមផ្ទះ។ សម្រាប់ការអះអាងថាទឹកធ្លាក់ភ្នំគូលែនជាំទឹកអម្រិត ឬអាទិទេពនោះ គឺគ្រាន់តែជាការសន្និដ្ឋានតាមបែបជំនឿសាសនាកាលពីសម័យមុននោះ ហើយដែលវិទ្យាសាស្រ្តបច្ចេកទេសវិទ្យាមិនទាន់អាចបញ្ជាក់ពីគុណភាពទឹកនៅឡើយ៕

ដោយ៖កូឡាប

×