ភ្នំពេញ៖ ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ ដែលមានឈ្មោះថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា CAFE25 នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកជំទាវអ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម នៅថ្ងៃទី២៨ខែតុលានេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្តីការក្រសួងថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)នេះ មានស្ដង់ប្រមាណ៤០០ ត្រូវបានគ្រោងនឹងដាក់បង្ហាញនូវផលិតផលកសិកម្ម និងកសិផលនានា ហើយកញ្ញាបានបន្តទៀតថា គិតត្រឹមថ្ងៃទី២៨ខែតុលានេះ មានស្ដង់ចំនួន៣៥០ ត្រូវបានកក់ទុកដោយម្ចាស់អាជីវកម្ម។
អនុរដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា CAFE25 មិនគ្រាន់តែជាពិព័រណ៍ធម្មតានោះទេ តែជាឱកាសសម្រាប់តួអង្គក្នុងខ្សែច្រវាក់តម្លៃ ជួបជជែកគ្នាពីបញ្ហាប្រឈម និងរកដំណោះស្រាយរួមជាមួយគ្នា ដែលអាចនឹងឈានដល់ការចុះកិច្ចសន្យាពាណិជ្ជកម្មជាមួយគ្នាថែមទៀត។
លោកជំទាវ អ៉ឹម រចនា បានបន្តថា រយៈពេល២ថ្ងៃដំបូង មានការរៀបចំវេទិកាជជែកលើប្រធានបទជាច្រើនក្នុងវិស័យកសិកម្ម ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំសំខាន់ៗនៃក្រសួងពាក់ព័ន្ធ។
លោកជំទាវបានមានប្រសាសន៍ថា ស្ដង់ប្រមាណជាង ៤០០ នឹងត្រូវដាក់បង្ហាញនៅក្នុងពិព័រណ៍ ដោយផ្ដោតលើផលិតផលកសិកម្មចំនួន ៩មុខ រួមមានស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ ត្រី ម្រេច និងផលិតផលឈើប្រើប្រាស់ប្រកបដោយចីរភាព។
ព្រឹត្តិការណ៍ CAFE25 មានចំណុចលេចធ្លោប្លែកមិនធ្លាប់មាន។ បើតាមលោកជំទាវ , ក្រៅពីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា ព្រឹត្តិការណ៍ CAFE25 ផ្តោតការយកចិត្តទុកដាក់ចំពោះកសិករជាចម្បង។ តាមរយៈកម្មវិធីទស្សនកិច្ចរបស់កសិករ កសិករជាង ៨,០០០នាក់នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ ដែលការណ៍នេះផ្តល់ឱកាសដ៏ពិសេសសម្រាប់អាជីវកម្មក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ជាមួយកសិករកម្ពុជាដែលមកពីគ្រប់តំបន់។
លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា សង្ឃឹមថា បងប្អូនអ្នកសារព័ត៌មាននឹងបានជ្រាបកាន់តែច្បាស់អំពីសារៈសំខាន់នៃព្រឹត្តិការណ៍ CAFE25 និងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឲ្យបានទូលំទូលាយបន្ថែមទៀត ហើយក្រសួងបានត្រៀមខ្លួនរួចរាល់ដើម្បីសហការជាមួយស្ថាប័នសារព័ត៌មាន ផ្ដល់បទសម្ភាស និងបទយកការណ៍ផ្សេងៗ ដើម្បីធានាថា សាធារណជន កសិករ សហគមន៍កសិកម្ម ក្រុមហ៊ុន សហគ្រាស និងដៃគូអភិវឌ្ឍនានា នឹងអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
សូមជម្រាបថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE25 នឹងក្លាយជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















