Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ គឺ​ដើម្បី​ការពារ​អាយុជីវិត ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ , ប្រាក់​ផាកពិន័យ អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍ ត្រូវ​បែងចែក​ថវិកា ប្រកបដោយ​តម្លាភាព​

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​គោលបំណង​ដើម្បី​ការពារ​អាយុជីវិត ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ ជាដើម មិនមែន​ដាក់បន្ទុក​ទៅលើ​ប្រជាពលរដ្ឋ ដូច​ក្រុម​អ្នក​រិះគន់​គិត​នោះឡើយ​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា «​មាន​គេ​លើកឡើងថា (​ក្រុម​អ្នក​រិះគន់​) ប្រជាជន​យើង​កំពុង​រង​ផលប៉ះពាល់​ជំងឺ​កូ​វីដ​-១៩ យើង​ដាក់បន្ទុក​ទៅលើ​ប្រជាពលរដ្ឋ​ទៀត តាមរយៈ​នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ដោយមាន​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ ហើយ​មាន​អ្នកខ្លះ​ទៀតថា រឹតបន្ដឹង​ដើម្បី​យកលុយ​ប្រជាពលរដ្ឋ​»​។​

​សម្ដេច​ក្រឡាហោម បញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ហើយ​រហូតដល់​ពេលនេះ មាន​អ្នកជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​ចំនួន​១៤១​នាក់ និង​មិនទាន់មាន​អ្នក​ណាមួយ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ឡើយ ក៏ប៉ុន្ដែ​ងាក​មក​មើល​គ្រោះ​ចរាចរ ណ៍​វិញ​មាន​អ្នកស្លាប់​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​អ្នក​រិះគន់​បញ្ហា​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ គ្រាន់តែ​លេស និង​ធ្វើការ​ដោយ​មិន​ច្បាស់លាស់ ហាក់បីដូចជា ចង់​ឲ្យ​ប្រជាជន​ស្លាប់​បន្ដទៀត​។

​សម្ដេច​ក្រឡាហោម បន្ថែមថា អ្នក​រិះគន់​ចំពោះ​បញ្ហា​ច្បាប់​ចរាចរណ៍​ថ្មី គឺ​មិន​ឲ្យ​តម្លៃ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​គិតពិចារណា​អោយបាន​ត្រឹមត្រូវ​ឡើងវិញ​។ សម្ដេច​ក្រឡាហោម​បន្ដថា គោលបំណង​នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​សព្វថ្ងៃនេះ គឺ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ប្រសិនបើ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា សមត្ថកិច្ច​មិន​ផាកពិន័យ​ឡើយ​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្ថែមថា «​ប្រសិនបើ​រាជរដ្ឋាភិបាល​បន្ធូ​ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នឹង មាន​ប្រជាពលរដ្ឋ​ស្លាប់​កាន់តែច្រើន​។ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល បាន​រឹតបន្ដឹង​ចរាចរណ៍​បែបនេះ ដើម្បី​ឲ្យ​បណ្ដា​ប្រទេស​ជា​មិត្ត​កោត​ស​សើរ​កម្ពុជា​»​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ គ​.​ស​.​ច​.​គ បាន​រាយការណ៍​ជូន​សម្ដេច និង​អង្គប្រជុំ អំពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ និង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០ ក្នុង​នោះបាន​ត្រួតពិនិត្យ​យានយន្ត​ជិត​១​លាន​គ្រឿង មាន​ម៉ូត​ជាង​៦០​ភាគរយ និង​បាន​ពិនិត្យ​រកឃើញ​យានយន្ត​ល្មើស​បាន​ជាង​២៣​ម៉ឺន​គ្រឿង ។ ដោយឡែក​រយៈពេល​២​ខែ ពី​ខែឧសភា ដល់​ខែមិថុនា បាន​ពិន័យ​យានយន្ត​៨​ម៉ឺន​៣​ពាន់​ករណី ក្នុងនោះ​ម៉ូតូ​ជាង​៦​ម៉ឺន​ករណី និង​បាន​អនុវត្ត​ការបង់ប្រាក់​ពិន័យ​បាន​ជាង ១២​ប៊ី​លាន​រៀល ក្នុងនោះ​មិនទាន់​បង់ប្រាក់​ពិន័យ​មាន​២០​ភាគរយ ។​

​លោកជំទាវ​បាន​បន្តថា នៅក្នុង​រយៈពេល​៦​ខែ​នេះដែរ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ១៦១៩​លើក ស្លាប់​៨១៦​នាក់ របួស​២៤៤៩​នាក់ ភាគច្រើន​កើតឡើង​នៅ​ភ្នំពេញ កំពង់ធំ និង​ខេត្តកណ្ដាល ។ មូលហេតុ​បង្កឱ្យមាន​គ្រោះថ្នាក់ គឺ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ វ៉ា​ជែង បត់ ស្រវឹង កត្តា​យានយន្ត និង​កត្តារួម​ផ្សុំ​មួយចំនួនទៀត ។ ជាការ​កត់សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គ្រោះថ្នាក់​នេះ​បាន​ថយចុះ​៥៥២​លើក​ស្មើនឹង​២៥​ភាគរយ អ្នកស្លាប់​បាន​ថយចុះ​១៧២​នាក់​ស្មើនឹង​១៧​ភាគរយ និង​អ្នករងរបួស​បាន​ថយចុះ​៧៧៨​នាក់ ស្មើនឹង​២៤​ភាគរយ ។ អ្នកស្លាប់​ភាគច្រើន គឺ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ពិសេស​គឺ​នៅ​ពេលយប់ ។​

​លោកជំទាវ​អគ្គលេខាធិការ​ក៏បាន​ឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០​នេះដែរ ការត្រួតពិនិត្យ​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព បាន​បង្ខំ​ឱ្យរ​កមួ​កម​កពាក់ ហើយ​ពិន័យ​បាន​៨២​ភាគរយ​នៃ​ចំនួន​ល្មើស​សរុប ហើយ​មន្ត្រី​អនុវត្ត​ច្បាប់ បាន​អនុវត្ត​វិធានការ​ល្បាត​ត្រួតពិនិត្យ​តាមផ្លូវ​ជាតិ​សំខាន់ៗ ដោយ​រកឃើញ​យានយន្ត​ល្មើស​ជាង​២​ម៉ឺន​គ្រឿង ក្នុងនោះ​រថយន្ត​ធន់​ធ្ងន់​ជាង​៣០​ភាគរយ បាន​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើកបរ និង​ចាត់ការ​តាមច្បាប់​បាន​ជាង​៤​ពាន់​នាក់ ព្រមទាំង​បាន​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​លក្ខណៈខុស​បច្ចេកទេស​មួយចំនួនទៀត យានយន្ត​ចេញពី​គោលដៅ​កំពង់ផែ និង​បាន​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​យ៉ាងសកម្ម ។​

​នាឱកាស​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏បាន​ឡើង​ថ្លែង​គូស​បញ្ជាក់ជូន​សម្ដេច និង​អង្គប្រជុំ​ថា​លទ្ធផល​សំខាន់ៗ​ដែល​ត្រូវបាន​កត់សម្គាល់​នា​រយៈពេល​កន្លះ​ឆ្នាំ​មកនេះ គឺ​អត្រា​តួលេខ​បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ បាន​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស ហើយ​លទ្ធផល​ចេញពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​នេះ បានធ្វើឱ្យ​អ្នកធ្វើដំណើរ​ផ្លាស់ប្ដូរ​ឥរិយាបទ​មក​គោរព​ច្បាប់​បាន​ច្រើនជាង​មុន ធ្វើឱ្យ​ចរាចរណ៍​មាន​សណ្ដាប់ធ្នាប់ និង​មើលទៅ​គួរ​យ​មា​នក​ត្តិ​យស ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត បាន​បន្តថា ការថយចុះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ គឺ​ដោយសារ​កត្តា​នៃ​ការដឹកនាំ​ត្រួតពិនិត្យ​ជាប្រចាំ​តាម​គោលដៅ ការរៀបចំ​គោលដៅ​សមស្រប ការកំណត់​ពេលវេលា​ចំ​សំដៅ​ពិសេស​ពេលយប់ និង​ការកំណត់​គោលដៅ​ភូមិសាស្ត្រ ពិសេស​ផ្លូវ​នៅតាម​ជាយក្រុង ។
​ឯកឧត្តម​ក៏បាន​លើក​សំណូមពរ​មួយចំនួន ពាក់ព័ន្ធ​នឹង​បញ្ហា​កើតចេញពី​កន្លែង​កែច្នៃ​យានយន្ត និង​ការប្រើប្រាស់​យានយន្ត​ខុសច្បាប់ ការផ្សព្វផ្សាយ និង​ប្រតិកម្ម​រហ័ស និង​កិច្ចការ​មួយចំនួនទៀត​ដើម្បី​គាំទ្រ​ដល់​ការបន្ត​ដឹកនាំ​ការងារ​អនុវត្ត​ច្បាប់​របស់​នគរ​បាលច​រាច​រណ៍ និង​កម្លាំង​ពាក់ព័ន្ធ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បន្ត​ឡើង​ជម្រាបជូន​សម្ដេច និង​អង្គប្រជុំ​អំពី​វឌ្ឍនភាព​ការងារ​ពាក់​ព័​ន្ថ​នឹង​ចរាចរណ៍​ថា នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្រសួង និង​ភាគី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ ទីតាំង​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព និង​ពិនិត្យ​ល្បឿន ទីតាំង​គ្រោង​សាងសង់​ស្ពាន​អាកាស​មួយចំនួន​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៣ និង​បាន​ចុះ​ពិនិត្យ​ត្រៀម​ពង្រីក​ផ្លូវ​ជុំវិញ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ។ ក្រសួង​ក៏បាន​រៀបចំ​វគ្គ​បង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់ និង​បានធ្វើ​ឱ្យមាន​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រឡង​យក​ប័ណ្ណបើកបរ ក្នុងនោះ​ក៏មានដែរ​ការត្រៀម​ចេញ​ប័ណ្ណបើកបរ​អន្តរជាតិ ។​

​ឯកឧត្តម​បាន​បន្តថា ក្រសួង ក៏​គ្រោង​រៀបចំ​ទីតាំង​ផ្ដូ​រ​ប័ណ្ណបើកបរ​យានយន្ត​នៅ​ផ្សារ​ទំនើប​ពីរ​កន្លែង​ទៀត​ដែរ នឹង​ត្រៀម​ភ្ជាប់​ទិន្នន័យ​ជាមួយ​ពន្ធដារ​ដើម្បី​បង្ក​ភាពងាយស្រួល សម្រាប់​ការបំពេញ​បែបបទ​ជូន​ម្ចាស់​យានយន្ត​ដែល​ស្នើសុំ​កាត់ឈ្មោះ ។
​ឯកឧត្តម​ក៏បាន​លើកឡើង​ពី​ដំណោះស្រាយ នៃ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថភ្លើង ហើយ​ពាក់ព័ន្ធ​នឹង​ខ្សែ​រថភ្លើង​ទៅមក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រសួង​គ្រោង​ស្នើសុំ​ការបិទ​មួយរយៈ ដោយសារ​មិនមាន​អ្នកជិះ និង​ដើម្បី​បញ្ចៀស​ការបង្ក​គ្រោះថ្នាក់ ។​

​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អំពី​បញ្ហា​យានយន្ត​កែច្នៃ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្រសួង​ទទួលយក​សំណូមពរ​នេះ ដើម្បី​ពិនិត្យ​លទ្ធភាព​ឈានទៅដល់​ផ្ដល់​ប័ណ្ណ​សម្គាល់​សម្រាប់​រថយន្ត​ការច្នៃ​ដឹក​កសិផល និង​បាន​ឯកភាព​ក្នុងការ​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​បន្ត​ឈានទៅ​បិទ​យានដ្ឋាន​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ។
​ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​សំណូមពរ​ឱ្យមាន​ការចូលរួម​ផុលផុស​ក្នុងការ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ទូលំទូលាយ ។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​សវ​ត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ក្នុងនាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លុ​វ​គោក សម្ដេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ដែល​ក្នុង​រយៈពេល​៦​ខែ​មកនេះ និង​ជាពិសេស​រយៈពេល​២​ខែ​ចុងក្រោយ នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ពលរដ្ឋ​បាន​ចូលរួម​គាំទ្រ​យ៉ាងសកម្ម មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ ដោយ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់ ទោះបីជា​មិនបាន​១០០​ភាគរយ​ក៏ដោយ ។

​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បានធ្វើ​ការងារ​យ៉ាងសកម្ម និង​មាន​កិច្ចសហការ​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ការងារ​នេះ​គឺជា​បទពិសោធន៍​យ៉ាង​ល្អ ដោយ​មិនអាច​ក្រសួង​ណាមួយ​មានះ​រៀងខ្លួន ឬ​យកមុខយកមាត់​រៀងខ្លួន​នោះទេ ប៉ុន្តែ​នេះ​គឺជា​ការ​រួមគ្នា​បេសកកម្ម​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ។​

​សម្ដេច​ក្រឡាហោម​ក៏បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ចំពោះ​គណៈកម្មការ​ចរាចរណ៍​ទទួលបន្ទុក​ចរាចរណ៍​រាជធានី​ខេត្ត ស្នងការ អធិការដ្ឋាន​ទាំងអស់ ដែល​បាន​ខិតខំ​ធ្វើការ​ងារ​នេះ​ដោយ​មិន​ខ្លាច​នឿយហត់ ព្រមទាំង​អ្នកចូលរួម​ផ្សេងទៀត ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ វិស័យ​ឯកជន​ជាដើម និង​សង្គម​ស៊ិ​វិល ដែល​បានធ្វើ​សកម្មភាព​យ៉ាង​ផុលផុស ជាទី​សង្ឃឹម​សម្រាប់​អនាគត​នៃ​ការកសាង​សង្គមជាតិ ឈានទៅរក​ភាព​ស៊ី​វិ​ល័យ ។​

​សម្ដេច​បាន​មាន​ប្រសា​ន៍​ទៀតថា ជា​ការពិតហើយ នៅពេលដែល​យើង​ដាក់ចេញ​នូវ​គោលការណ៍​យក​ឆ្នាំ​២០២០ ជា​ឆ្នាំ​អនុវត្ត​ច្បាប់ មានមតិ​ប្រតិកម្ម​គាំទ្រ​ផង និង​មិន​គាំទ្រ​ផង ប៉ុន្តែ​សម្ដេច​បានចាត់ទុក​មតិ​យោបល់​ទាំងពីរ​នេះ ថា​រឿង​ធម្មតា​នៅ​សង្គម​ប្រជាធិបតេយ្យ ដែលមាន​សម្លេង​ចម្រុះ និង​ការយល់ឃើញ​ផ្សេងៗ​គ្នា ។​

ជាក់ស្ដែង​មានការ​លើកឡើងថា​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​ដោយសារ​បញ្ហា​កូ​វីដ​១៩ ហើយ​ថា​ការដែល​យក​ច្បាប់​ចរាចរណ៍​មក​អនុវត្ត​នេះ គឺជា​ការ​សង្កត់ពីលើ​ភាពលំបាក​របស់​ពលរ​ដ្ឋ ឬថា​ជាការ​ធ្វើ​ដើម្បីឱ្យ​នគរបាល ឬ​កម្លាំង​អនុវត្ត​ច្បាប់​ប្រមូល​លុយកាក់​ជាដើម​។ សម្ដេច​បាន​មានប្រសាសន៍ថា​បញ្ហា​កូ​វីដ​នេះ រាជរដ្ឋាភិបាល​មិនទាន់​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​នៅឡើយ​ទេ ប៉ុន្តែ​បញ្ហា​ចរាចរណ៍​វា​បាន​បង្ក​ឱ្យ​ពលរដ្ឋ​ស្លាប់​យើង និង​រងរបួស​រៀងរាល់​ថ្ងៃ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា យើង​នៅតែ​បន្តធ្វើ​ការងារ​នេះ​ទៀត ព្រោះ​យើង​ធ្វើ​ដើម្បី​សេចក្ដីសុខ និង​សុវត្ថិភាព​ពលរដ្ឋ ពោលគឺ​បើសិនជា​ពួកគាត់​គោរព​ច្បាប់ គឺ​កាត់បន្ថយ​គ្រោះថ្នាក់ ការបង់ប្រាក់​ផាកពិន័យ​អ្វី​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​យើង​បណ្ដោយ​វិញ​នោះ គឺ​មានន័យថា​យើង​បន្ត​ឈរ​មើល​ពលរដ្ឋ​យើង​ស្លាប់ និង​រងរបួស ធ្វើឱ្យ​សង្គម​យើង​មាន​ភាព​អាណាធិបតេយ្យ ប៉ះពាល់​ដល់​កិ​ត្ត​យស​មុខមាត់​ប្រទេសជាតិ ។ ដូច្នេះ​សម្ដេច​បាន​សង្កត់ធ្ងន់ថា «​យើង​មិន​ខ្លាច​នឹងធ្វើ​ការងារ​នេះ​ទេ​»​។​

​សម្ដេច​បាន​បន្តថា អ្នកខ្លះ​បានលើកឡើង​ថា មួកសុវត្ថិភាព​មិន​សំខាន់​ទេ​ជាដើម ។ សម្ដេច​ទទួលស្គាល់ថា មានតែ​មួក​មួយ​មុខ​ពិតជា​មិនអាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​បាន​មែន ប៉ុន្តែ​មួក​នេះ​ជា​ឧបករណ៍ ជា​មធ្យោបាយ​មួយ​នៃ​ការទប់ស្កាត់​គ្រោះថ្នាក់​។ សម្ដេច​បាន​បន្តថា ៦​ខែ​ដើមឆ្នាំ​២០២០​នេះ បើ​ធៀប​នឹង​២០១៩ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មាន​គម្លាត​ខុសគ្នា​ឆ្ងាយ​ណាស់​។ ៦​ខែ​ឆ្នាំទៅ​មាន​អ្នកស្លាប់​ជា​មធ្យម​ជាង​៦​នាក់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​៦​ខែ​ឆ្នាំ​២០២០​មាន​អ្នកស្លាប់​តែ​ជាង​៥​នាក់​ទេ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ នឹងមិន​អាច​ដកថយ​ឡើយ ពីព្រោះ​នេះ​ជា​វិធី​តែមួយគត់ ដើម្បី​កែប្រែ​ឥរិយាបទ​អ្នកបើកបរ ដែល​មិន​គោរព​ច្បាប់ ដើម្បី​ឈានទៅ​កាត់បន្ថយ​គ្រោះថ្នាក់ អ្នកស្លាប់ និង​រងរបួស​។ សម្ដេច​បាន​បន្ថែមថា «​ជា​គោលដៅ​របស់​យើង គឺ​ខិតខំ​ធ្វើ​ម៉េច​អប់រំ​សង្គម​របស់​យើង​ឱ្យ​អ្នក​ទាំងអស់គ្នា​គោរព​ច្បាប់​ជារួម និង​ដោយឡែក​គឺ​ច្បាប់​ចរាចរណ៍ ទើប​យើង​អាចរួមចំណែក​កសាង​សង្គម​យើង​ឱ្យមាន​ភាព​ស៊ី​វិ​ល័យ​បាន​»​។​

​សម្ដេច​ក៏បាន​មានប្រសាសន៍ អំពី​ការសិក្សា​ឈានទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​។ សម្ដេច​បានប្រកាស​គាំទ្រ​ការងារ​នេះ ប៉ុន្តែ​បានស្នើ​ឱ្យ​គិតគូរ​អំពី​ការកសាង​ផែនការ​យុទ្ធសាស្ត្រ​១០​ឆ្នាំ (២០២១ ២០៣០) ដោយ​ត្រូវ​គិតគូរ​ឱ្យបាន​វែងឆ្ងាយ​ពី​ស្ថានភាព​ចរាចរណ៍​នៅ​កម្ពុជា ហើយ​រៀបចំ​វិសោធនកម្ម​ច្បាប់​នេះ ឱ្យ​ស៊ីគ្នា​នឹង​ផែនការ​យុទ្ធសាស្ត្រ​នោះ ទើប​ធ្វើឱ្យ​ការអនុវត្ត​មាន​ភាពរ​លូន​។
​សម្ដេច​ក៏បាន​ស្នើ​ឱ្យមាន​ការសហការ​ចូលរួម ពី​ភាគី​ពាក់ព័ន្ធ​ឱ្យបាន​ផុលផុស​។​
​នៅក្នុង​ឱកាស​នេះដែរ សម្ដេច​ក្រឡាហោម បាន​ថ្លែង​លើកទឹកចិត្ត​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ បន្ត​ខិតខំ​បំពេញ​តួនាទី​ឱ្យបាន​ល្អជា​បន្តទៀត នៅក្នុង​យុទ្ធនាការ​រយៈពេល​៦​ខែ​ទៀ​តនៃ​ឆ្នាំ​២០២០​នេះ​។ ពាក់ព័ន្ធ​នឹង​ថវិកា​ដែល​ទទួលបាន​ពី​ចំណែក​នៃ​ប្រាក់​ផាកពិន័យ អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សម្ដេច​បាន​ណែនាំ​ឱ្យ​បែងចែក​ថវិកា​នោះ ប្រកបដោយ​តម្លាភាព​ដើម្បី​ផ្ដល់​ការលើកទឹកចិត្ត​ដល់​មន្ត្រី​តាមច្បាប់​កំណត់ ។​

​មុននឹង​បញ្ចប់​សម្ដេច​ក្រឡាហោម​បានបង្ហាញ​សេចក្ដីសង្ឃឹម​ជឿជាក់ថា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ កងកម្លាំង​អ្នកអនុវត្ត​ច្បាប់ ភាគី​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ នឹង​បន្ត​ចូលរួម​គាំទ្រ និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​អ្នកស្លាប់ និង​រង​បួស​ដោយ រួមចំណែក​ធ្វើឱ្យ​សង្គមជាតិ​យើង​ឈានឆ្ពោះ​ទៅរក​ភាព​ស៊ី​វិ​ល័យ ។​

​សូមជម្រាបថា យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ការ​រឹតបន្ដឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ លេខ​៣៦ អនក្រ​.​បក រយៈពេល​២​ខែ (​ឧសភា​-​មិថុនា​) បាន​ពិន័យ​សរុប​ចំនួន​៨៣.៣៨៦​ករណី ក្នុងនោះ​ម៉ូតូ​ចំនួន​៦១.០២២​នាក់ ស្មើ​៧៣% និង​រថយន្ដ​ចំនួន​២២.៣៦៤​ករណី ស្មើ​២៧%​។ បន្ថែម​ពីនេះ ការអនុវត្ត​បង់ប្រាក់​ពិន័យ​តាម​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដែល​បានកំណត់​ទទួល បាន​ប្រាក់​ពិន័យ ចំនួន ១២.៥០១.១៨៥.០០០​រៀល ក្នុងនោះ មិនទាន់​បង់ប្រាក់​ពិន័យ​ចំនួន​២០%៕
​ដោយ : កូ​ឡាប​

×