តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដោយមានគោលបំណងចង់ឲ្យទឹកដីនៃខេត្តតាកែវ កាន់តែមានសោភ័ណភាព ស្រស់បំព្រងក្រោមរូបភាព គម្របព្រៃឈើពណ៌បៃតង និងសម្បូរទៅដោយប្រភេទឈើប្រណិតនោះ លោកបានជំរុញឲ្យខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញរៀបចំកែលម្អនៅតាមដងផ្លូវទីសាធារណៈ ស្របតាមបណ្តោយផ្លូវជាតិលេខ២ ផ្លូវក្នុងក្រុងដូនកែវ ត្រូវដាំកូនឈើប្រណិតអមសងខាងផ្លូវ និងនៅលើសួនច្បារខាងមុខវិមានឯករាជ្យឲ្យបានល្អ ក្នុងឱកាសដែលយើងត្រូវប្រារព្ធទិវា ៩កក្កដា ឆ្នាំ២០២០នេះ ។
ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម យស ណាស៊ី បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមដាំដើមឈើ នៅតាមទីធ្លាគេហដ្ឋាន ឬនៅហាមទីដីវា ដើម្បីជាប្រយោជន៍ទៅថ្ងៃខាងមុខ ពីព្រោះប្រភេទឈើប្រណិតទាំងអស់ មិនមែនតែមានប្រយោជន៍លើការទប់ស្កាត់ នៅគ្រោះធម្មជាតិតែប៉ុណ្ណោះនោះទេ វាបានធ្វើឲ្យសោភ័ណភាពនៅក្នុងទីរួមខេត្តរបស់យើង ពោរពេញទៅដោយគម្របព្រៃឈើមានពណ៌បៃតងស្រស់ស្អាត និងជាម្លប់ជ្រកកោនដល់មនុស្សលោក ។
លោកស៊ឹម ឡាប៉័ង ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ បានឲ្យដឹងថា យើងបានប្រើកូនឈើប្រណិតជាង ៥០០ដើម មានប្រភេទឈើគ្រញូង ឈើបេង ឈើទាល ដើមក្ងោក និងដើមសាគូរ៉ា គឺយើងចាប់ដាំតាំងពីគោលដៅរង្វង់មូលផ្លូវចូលក្រុងនៅអូរចំបក់ ស្របតាមបណ្តោយផ្លូវជាតិលេខ២ មកដល់សួនច្បារសម្តេចវិបុលបញ្ញា សុខ អាន វិមានឯករាជ្យខេត្តតាកែវ ៕ដោយ៖ តាកែវ