តាកែវ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជំរុញឲ្យអធិការស្រុកបាទីថ្មី សហការជាមួយអាជ្ញាធរស្រុក ត្រួតពិនិត្យជនអន្តោប្រវេសន៍ ដែលចូលមកធ្វើការងារតាមរោងចក្រ ពីព្រោះកន្លងមកនៅស្រុកបាទីនេះ មានជនជាតិចិន ជិត៣០០នាក់ ដែលសមត្ថកិច្ចរបស់យើងសហការជាមួយនឹងកម្លាំងពិសេសរបស់អគ្គស្នងការ និងកងសន្តិសុខប្រទេសចិន បានចុះមកធ្វើការចាប់ខ្លួនជនជាតិចិនទាំងនោះ ពីបទចាប់ជម្រិតតាមប្រព័ន្ធអនឡាញ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ដូច្នេះក្នុងនាមយើងជានគរបាលការពារសន្តិសុខសណ្តាប់ធ្នាប់ ត្រូវរក្សាអោយបានភូមិឃុំមានសុវត្តិភាព យើងត្រូវតែក្តាប់ឲ្យជុំនៅក្នុងមូលដ្ឋានរបស់យើង អំពីជនប្លែកមុខដែលចូលមកស្នាក់នៅក្នុងទឹកដីរបស់ខ្លួន ។
ឯកឧត្តមស្នងការថ្លែងបែបនេះ នៅក្នុងពិធីប្រកាសតែងតាំងលោក ឆាយ កែវមន្នី ជាអធិការនគរបាលស្រុកបាទីថ្មី ជំនួសលោក ង៉ាន់ សារី ដែលត្រូវដល់អាយុចូលនិវត្តន៍ ក្រោយកាន់តំណែងជាអធិការនគរបាលស្រុកបាន ១៦ឆ្នាំ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។
ទន្ទឹមនឹងការជំរុញនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង លោកនៅតែទទូចឲ្យនគរបាលទាំងអស់ ត្រូវតែគោរពវិន័យ និងក្រមសីលធម៌ល្អ ទើបខ្លួនយើងក្លាយជាមន្ត្រីនគរបាលជាតិ យ៉ាងពេញលេញ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងបម្រើសេវាការងារសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អ ៕ដោយ៖ តាកែវ