ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍, នាព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៩:០០នាទីព្រឹក, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នា២០១៩ សម្រេចបានវឌ្ឍនភាពល្អប្រសើរ លើគ្រប់ផ្នែកនៃក្របខ័ណ្ឌ ផែនការសកម្មភាពរួម ដំណាក់កាលទី៣ ក្នុងនោះ ១) ភាពជឿទុកចិត្តនៃថវិកា គឺនៅតែអាចរក្សាបានជាសារវន្ត ដោយសារប្រសិទ្ធភាពនៃការអនុវត្តផែនការប្រមូលចំណូលសម្រេចបាន ១៣១ភាគរយ នៃច្បាប់ថវិកាជាតិឆ្នាំ២០១៩ ឬស្មើ២៧៧៤០ប៊ីលានរៀល និងចំណាយថវិកាជាតិសម្រេចបាន ៩៩,០៥ភាគរយ ឬស្មើ២៣៤៦៨ប៊ីលានរៀល។ ២) ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ គឺត្រូវបាននិងកំពុងកសាងតាមរយៈការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅគ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , រតនាគារទាំង២៥រាជធានីខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥រាជធានីខេត្ត និងក្រសួង ស្ថាប័នចំនួន៣៧។ ៣)ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ គឺបាននិងកំពុងផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា តាមរយៈការពង្រឹងនិងពង្រីកការអនុវត្តថវិកាកម្មវិធីជាមូលដ្ឋានគ្រឹះសម្រាប់ ក្រសួង ស្ថាប័ន ប្រើប្រាស់ថវិកាជាឧបករណ៍សម្រាប់ជំរុញការអភិវឌ្ឍតាមវិស័យ ។ គិតត្រឹមឆ្នាំ២០១៩ ថវិកាកម្មវិធីត្រូវបានដាក់ឲ្យអនុវត្តគ្រប់ក្រសួង ស្ថាប័ននិងរដ្ឋបាលខេត្តចំនួន១៨។ រដ្ឋបាលរាជធានី ខេត្តផ្សេងទៀត នឹងត្រូវដាក់ឲ្យអនុវត្តជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២១។
ឯកឧត្តម បានថ្លែងថា សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មថវិកា ដោយផ្តោតអាទិភាពពិសេស លើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ។ ការធ្វើវិចារណកម្មចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងចំណាយបន្ទុកបុគ្គលិកឲ្យបានម៉ឺងម៉ាត់បំផុត ដោយអនុវត្តគោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលគឺ រក្សាចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាល ដូចនៅក្នុងឆ្នាំ២០១៩ និងធ្វើវិចារណកម្មចំណាយលើមុខសញ្ញាចំនួន ដែលមិនទាន់ចាំបាច់ ឬមិនទាន់ចាំបាច់ខ្លាំង មិនសូវប៉ះពាល់សកម្មភាពការងារ និងមានសមាសធាតុនាំចូលខ្ពស់ ឬទាំងស្រុង ដើម្បីយកទៅបំពេញមុខចំណាយចាំបាច់ថ្មីៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំសមាជិកគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្តាក្រសួងស្ថាប័ន ឲ្យបន្តពង្រឹងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានស្វាគមន៍ ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតំណាងដៃគូអភិវឌ្ឍន៍ ដែលជានិច្ចកាលផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ រួមទាំង ផ្តល់ជាជំនួនបច្ចេកទេស និងធនធានហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញមុខងាររបស់ខ្លួនជាសេនាធិការជូន គ.ហ.ស ទាំងការងារដឹកនាំ សម្របសម្រួល គាំទ្រ និងត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពកម្មវិធីទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងប្រចាំត្រីមាស និងប្រចាំឆ្នាំ ប្រកបដោយភាពគ្រប់ជ្រុងជ្រោង និងឆ្លុះបញ្ចាំងទាំងទិដ្ឋភាពការងារកែទម្រង់ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល។
អង្គប្រជុំពិនិត្យឃើញថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពរឹងមាំក្នុងការបង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដែលអាចកើតចេញពីកត្តាខាងក្រៅ។ ជាក់ស្តែង ចំពោះមុខការថមថយនៃកំណើនសេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺកូវីក១៩ ។ ឯកឧត្តម បានគូសបញ្ជាក់ថា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំយន្តការឆ្លើយតប ដោយបង្កើតនូវក្រោមការងារចំពោះកិច្ចចំនួន៤ ដើម្បី ១)រៀបចំគោលនយោបាយថវិកា ហិរញ្ញវត្ថុ និងជំនួយសង្គម ២) គ្រប់គ្រងការផ្គត់ផ្គង់ និងតម្លៃទំនិញយុទ្ធសាស្ត្រ ៣) រៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គម និង៤)រៀបចំកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់៕ដោយ៖កូឡាប