បាត់ដំបង៖ ក្រសួងមហាផ្ទៃ បានបញ្ជូនសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីមន្ទីរ និងស្ថាប័នរដ្ឋពាក់ព័ន្ធ ធ្វើការពិភាក្សាវែកញែករកចំណុចល្អៗបន្ថែម បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ដែលនឹងធ្វើឲ្យច្បាប់ពេលដាក់ចេញឲ្យអនុវត្ត បានឆ្លងកាត់ការបញ្ចេញមតិទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព។
បើយោងតាមជំពូកទី១ស្តីពីបទប្បញ្ញត្តិទូទៅ ត្រង់មាត្រាទី១ ច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងធានា ការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ច្បាប់ថ្មីនេះ នៅពេលដាក់ចេញទៅ នឹងបង្កើនឲ្យមានការទទួលខុសត្រូវបន្ថែម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដោយច្បាប់នេះស្រួលស្ដាប់ស្រួលយល់ ប៉ុន្តែពិបាកអនុវត្តកែប្រែទម្លាប់។ ជាក់ស្ដែងដូចច្បាប់ចរាចរណ៍មួយ ដែលដាក់ឲ្យអនុវត្តទៅនោះមានការលំបាក ព្រោះត្រូវគ្រប់ដណ្ដប់លើការរស់នៅទាំងមូលរបស់ពលរដ្ឋ ដែលទាមទារក្នុងការអប់រំខ្លាំងណាស់ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធទៅដល់ពលរដ្ឋ។ សេចក្តីព្រាងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ មានចំនួន ៨ជំពូក ស្មើនឹង ៤៨មាត្រា ដោយក្រសួងមហាផ្ទៃ បានពិនិត្យកែសម្រួលចប់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ ច្បាប់នេះមានចែងហាមឃាត់ស្លៀកពាក់មិនសមរម្យនៅតាមទីសាធារណៈ ដូចជាការស្លៀកលិចលើលិចក្រោម ចោលសំរាមមិនបានត្រឹមត្រូវ បង្ករំពងសំឡេងប៉ះពាល់អ្នកដទៃ លេងល្បែងស៊ីសងជាដើម។ ជនណារារាំង បង្កឧបសគ្គដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី១ថ្ងៃ ទៅ៦ថ្ងៃ ពិន័យជាប្រាក់ពីមួយសែនរៀល ទៅប្រាំសែនរៀល។ ចំពោះមន្ត្រីអនុវត្តច្បាប់នេះ ដែលរំលោភអំណាចដូចមានចែងក្នុងច្បាប់នេះ ដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី មួយសែនរៀលទៅ ប្រាំបីសែនរៀល ៕ ដោយ៖អ៊ុងសារុំ