ខេត្តស្វាយរៀង៖ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានមានប្រសាសន៍ថា ការផលិតទឹកស្អាត គឺចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ តាំងពីទីប្រជុំជនរហូតដល់ជនបទ ដោយទឹកគឺមានសារសំខាន់ទៅលើសុខភាពអ្នកប្រើប្រាស់។ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយទឹកស្អាតនៅឆ្នាំ២០២១ ដល់២០៣០ នៅទីប្រជុំជនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រួសារ ហើយចាប់ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ មានទឹកស្អាតប្រើប្រាស់ទូទាំងប្រទេស។
ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ ឲ្យដំណើរការប្រពន្ធ័ប្រព្រឹត្តកម្មទឹកស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF Membrane របស់អង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋាករទឹកខេត្តស្វាយរៀង ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ។
ឯកឧត្តមចម ប្រសិទ្ធ បានមានប្រសាសន៍ទៀតថា ក្រុងស្វាយរៀងមានប្រជាពលរដ្ឋរស់នៅជាង២ម៉ឺនគ្រួសារ កន្លងមករដ្ឋាករទឹកខេត្តស្វាយរៀង ផលិតទឹកស្អាតបានតែ៤.៨០០ម៉ែត្រគុបក្នុង១ថ្ងៃ ហើយបើប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យាថ្មី ដែលកំពុងសម្ពោធដាក់ឲ្យដំណើរការនេះ ផលិតបាន៧.៣០០ម៉ែត្រគុបក្នុង១ថ្ងៃ ដូច្នេះអាចកាត់បន្ថយការចំណាយ ក្នុងគ្រួសារបានច្រើន។ ដោយនៅខេត្តស្វាយរៀង តម្លៃទឹកស្អាតក្នុង១ម៉ែត្រគុបតម្លៃ១.២០០រៀល បើប្រៀបធៀបទៅនិងទឹកបរិសុទ្ធ ច្រកដបស្មើរ១.០០០លីត្រឬ៣ពាន់ដប។ ហើយបើប្រៀបធៀបទៅតាមទីប្រជុំជន កន្លែងខ្លះដែលអាជ្ញាធរបានវិនិយោគ ទៅក្រុមហ៊ុនឯកជនតម្លៃទឹកស្អាត រហូតទៅដល់២.៧០០រៀលក្នុង១ម៉ែត្រគុប ។ ដោយប្រទេសយើងកំពុងអភិវឌ្ឍន៍ នៅខ្វះខាតទុនក្នុងការអភិវឌ្ឍរាជរដ្ឋាភិបាលបានផ្តល់ឲ្យវិស័យឯកជន ចូលមកធ្វើការបណ្តាក់ទុន ដោយឲ្យក្រុមហ៊ុនHAINAN LITREE Purifying Technoi.ogy coLTD និងក្រុមហ៊ុនមីក្រូក្យូរីហ្វី ខេសិន មកពីទីក្រុងសៀងហៃប្រទេសចិន ផលិតទឹកស្អាតបោះដុំ ដោយមានតម្លៃដើមក្រោម១.២០០រៀលក្នុង១ម៉ែត្រគុប ហើយអង្គភាពរដ្ឋាករទឹកខេត្ត ជាអ្នកលក់រាយទៅប្រជាពលរដ្ឋប្រើប្រាស់តម្លៃ១.២០០រៀលក្នុង១ម៉ែត្រគុប។ ហើយនាព្រឹកនេះដែរ ក៏បានអញ្ជើញលោកប្រធាមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍២៥រាជធានីខេត្ត មកទស្សនៈសិក្សាយកគំនិតទៅរកដៃគូរក្រុមហ៊ុនវិស័យឯកជន ដើម្បីសហការផលិតទឹកស្អាតលក់ជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តរបស់ខ្លួន បានប្រើប្រាស់ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតឆៃ យូនឡុង តំណាងក្រុមហ៊ុនLitree និងក្រុមហ៊ុនមីក្រូភ្យួ រីហ្វី ខេសិន បានមានប្រសាសន៍ថា នៅឆ្នាំ២០១៦ លោកមកដល់ព្រះរាជាណាចក្រកម្ពុជា ដំបូង គឺមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយកម្ពុជាមានភ្នំនិងទន្លេ សមុទ្រយ៉ាងស្រស់បំព្រង មានបន្លែផ្លែឈើដ៏សម្បូរបែប ប្រជាជនប្រកបជីវភាពរស់នៅប្រកបដោយសុខសន្តិភាព។ ប៉ុន្តែការអភិវឌ្ឍនៃប្រទេសកម្ពុជា បានជួបបញ្ហាកង្វះខាតទឹកស្អាត និងទឹកស្អាតមិនអាចទៅដល់គ្រប់តំបន់។ ហេតុនេះហើយធ្វើឲ្យក្រុមហ៊ុនមាន ឱកាសធ្វើការសហការជាមួយនឹងក្រសួងឧស្សាហកម្ម ប្រទេសកម្ពុជា បង្កើតក្រុមការងារសម្រាប់អភិវឌ្ឍន៍លើវិស័យទឹកស្អាត រវាងប្រទេសកម្ពុជានិងប្រទេសចិន។
លោកបានសង្កត់ធ្ងន់ ទៅលើគោលដៅនៃកិច្ចសហប្រតិបត្តិការ លើវិស័យទឹកស្អាត រវាងប្រទេសកម្ពុជា និងប្រទេសចិនគឺ៖ ផ្តល់បច្ចេកវិទ្យានិងផលិតផលល្អ ប្រសើរជាងគេលើវិស័យទឹកស្អាត ផលិតទឹកស្អាត ដែលមានអនាម័យប្រកបដោយគុណភាព សុវត្ថិភាពនិងតម្លៃសមរ្យ៕ដោយ៖វ៉ៃកូ