Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជារងសម្ពាធ​ខ្ពស់ ធ្វើឲ្យកម្រិត​បរិមាណ​ទឹកភ្លៀង​ធ្លាក់​មក​មានការ​ថមថយ​ចុះ នឹងកើត​កូន​រដូវប្រាំង​

ភ្នំពេញ ៖ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ ២០២០ ​ចេញ​សេចក្តីជូនដំណឹង​អំពី​
​ស្ថានភាព​អាកាសធាតុ (​កូន​រដូវប្រាំង​)​ ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា បន្ទាប់ពី​បានធ្វើ​ការតាមដាន ការវិវត្តន៍​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ ជា​លក្ខណៈ​សកល និង​តំបន់​បាន​បង្ហាញថា នៅក្នុង​ខែកក្កដា​នេះ (​ចាប់ពី​ពាក់កណ្តាល​ខែ​រហូតដល់​ចុងខែ​) ​សម្ពាធ​ខ្ពស់​បាននិងកំពុង​បង្កើន​ឥទ្ធិពល​មកលើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច ។​
លក្ខណៈបែបនេះធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ដូចជា ថៃ កម្ពុជា វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​ប្រទេស​ហ្វីលីពីន កម្រិត​បរិមាណ​ទឹកភ្លៀង​ធ្លាក់​មក​មានការ​ថមថយ​ចុះ ។​

ដោយឡែក​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ស្ថានភាព​នេះ ក្រសួង​ក៏បាន​ជម្រាបជូន​ដំណឹង​ម្តង​រួចមកហើយ តាមរយៈ​ការ​ព្យាករណ៍​អាកាសធាតុ​លើក​ទី ២ សម្រាប់​ឆ្នាំ​២០២០ នឹងមាន​កូន​រដូវប្រាំង​កើតឡើង​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា រហូតដល់​ដំណាច់ខែ​កក្កដា ឆ្នាំ ២០២០​។ បន្ទាប់ពីនោះ ស្ថានភាព​អាកាសធាតុ ​នឹង​ត្រឡប់មក​ប្រក្រតី​ឡើងវិញ ​ដោយ​ភ្លៀង​ក៏​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន ក្នុងនោះ​ក៏​នឹង​អាចបណ្តាល​ឲ្យ​ខេត្ត​មួយចំនួន ដែលមាន​ភូមិសាស្ត្រ​នៅ​ទី​ទំនាប​ជាប់​ក្បែរ​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប​តំបន់​ជាប់​ផ្លូវទឹក និង​តំបន់​មាត់សមុទ្រ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ដែល​បណ្តាលមកពី​ការធ្លាក់​ភ្លៀង​ច្រើន​លើសលប់​ផងដែរ ។​

ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាបជូន​ដល់​សាធារណជន ពិសេស​បងប្អូន​ប្រជាកសិករ ​បាន​ជ្រាប​ជា​ព័ត៌មាន និង​មានការ​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា និង​ប្រើប្រាស់​ទឹក​ឲ្យ​បានល្អ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ ក៏ដូចជា​ការងារ​បង្ក​បង្កើន​ផល ៕ ​ដោយ៖កូឡាប

 

×