ស្ទឹងត្រែង៖ បុរសម្នាក់ជាឪពុក បានប៉ុនប៉ងចាប់រំលោភកូនស្រីបង្កើត ប៉ុន្តែមិនបានសម្រេច ដោយសារតែក្មេងស្រីរូប បានស្រែកហៅឲ្យគេជួយ ទើបផ្អើលដល់អ្នកជិតខាង ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហើយត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គី ចុះមកចាប់ខ្លួន និងបញ្ជូនមកអធិការដ្ឋានក្រុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
លោក អ៊ុង សុភ័ក្រ មេប៉ុស្តិ៍សង្កាត់សាមគ្គី បានឲ្យដឹងថា ជនសង្ស័យជាឪពុកមានឈ្មោះ អាត អាង អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកកូនបង្កើតឈ្មោះ អ.ម.ន អាយុ១៥ ឆ្នាំ រស់នៅជាមួយឪពុកបង្កើត ក្នុងភូមិឃុំកើតហេតុខាងលើ។
លោកមេប៉ុស្តិ៍បន្តឲ្យដឹងទៀតថា នៅយប់កើតហេតុម៉ោង ៥ទៀបភ្លឺ ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពប៉ុនប៉ងរំលោភកូនស្រីខ្លួនឯង តែដោយសារកូនស្រីស្លៀកខោជាច្រើនជាន់ និងមានការរើបម្រះនិងស្រែកឲ្យគេជួយ ទើបផ្អើលដល់អ្នកជិតខាងរាយការណ៍ និងដល់សមត្ថកិច្ច ក៏មកធ្វើការឃាត់ខ្លួនតែម្តង។
ជនសង្ស័យ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាមគ្គី ធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖បញ្ញាស័ក្តិ