ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវតែពិនិត្យ ពិចារណាឲ្យបានច្បាស់មុននឹងផ្ដល់អំណោយ ជូនទៅប្រជាពលរដ្ឋដែលក្រីក្រ ដោយសារថាការផ្ដល់អំណោយ មិនចំគោលដៅ មិនទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ វានឹងខាតបង់ បង្កើតឲ្យមានការឈ្នានីស។
លោកបញ្ជាក់ថា អ្នកដែលវិនិច្ឆ័យចំពោះប្រជាពលរដ្ឋក្រីក្រ ឬមិនក្រីក្រ វាជាការសម្រេចចិត្តរបស់អស់លោកជាប្រធានភូមិ ចៅសង្កាត់ និងក្រុមការងារ នៅថ្នាក់មូលដ្ឋាននេះ និងត្រូវពិនិត្យមើលបញ្ហានេះ ឲ្យបានច្បាស់លាស់ ចៀសវាងការដាក់សាច់ឈាម សាច់ញាតិខ្លួនឯង ជាប្រជាជាពលរដ្ឋក្រីក្រ ខណៈដែលពួកគាត់ មានជីវភាពសមរម្យហើយនោះ។ លោកឃួង ស្រេង បានថ្លែងថា វាមិនចំណេញប៉ុន្មានទេ បានលុយ៥០០ទៅ៦០០ដុល្លារ នារដូវកូវីដ១៩នេះ តែវាបានបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯង និងថ្នាក់លើថែមទៀត ហើយពិសេសថែមទៀតនោះ គឺបាត់ទំនុកចិត្តពីថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាតែម្តង ។
លោកឃួង ស្រេង បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។ ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បន្តការផ្សព្វផ្សាយជុំវិញវិធានការទប់ស្កាត់កូវីដ១៩ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល។
លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រៃព្នៅ បានលើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រៃព្នៅ បានធ្វើសកម្មភាពយ៉ាងច្រើន នៅក្នុងខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ដោយបានការពារសន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសសកម្មភាព ក្នុងការការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងការចុះជួយដល់គ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ ៕
ដោយ៖កូឡាប