ភ្នំពេញ៖ បុគ្គលិកនៅមជ្ឈមណ្ឌលពាណិជ្ជកម្មបានបញ្ជូនស្ត្រីអនាម័យម្នាក់ទៅមន្ទីរពេទ្យក្រោយពេលដឹងថាស្ត្រីអនាម័យរូបនោះមានអាការមិនសូវស្រួលខ្លួន ពេលដែលដឹកចូលទៅដល់មន្ទីរពេទ្យលោកគ្រូពេទ្យប្រាប់ថាស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង២០នាទីរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ ស្ថិតនៅចំណុចអគាមជ្ឈមណ្ឌលពាណិជ្ជកម្មតាមបណ្ដោយផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ស្ត្រីរងគ្រោះមានឈ្មោះប៉ាន់ ស៊ីដែនអាយុ២៥ ឆ្នាំមុខរបរជាមេក្រុមអនាម័យនៃអគារខាងលើ និងមានស្រុកកំណើតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បើតាមសម្ដីបុគ្គលិកខាងលើបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៤និង២០នាទីស្ត្រីរងគ្រោះមានអាការមិនស្រួលខ្លួនហើយបានសន្លប់ស្រុកស្តឹង ពេលនោះបុគ្គលិកក៏បាននាំគ្នាបីស្ត្រីរងគ្រោះដាក់លើរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ។ ពេលដែលទៅដល់មន្ទីរពេទ្យមិនទាន់បានដាក់ស្ត្រីរងគ្រោះចុះពីលើរ៉ឺម៉កកង់បីផងស្រាប់តែលោកគ្រូ បានមកពិនិត្យនៅលើស្ត្រីរងគ្រោះរួចក៏បានប្រាប់ថាស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ពេលនោះក៏បានដឹកសពស្ត្រីរងគ្រោះមកកន្លែងកើតហេតុវិញនិងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យសាកសព ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងសហការជាមួយសមត្ថកិច្ចកោសល្យវិច័យ ខណ្ឌចំការមនបានចុះមកពិនិត្យសាកសព បន្ទាប់មកសមត្ថកិច្ចធ្វើកោសល្យវិច័យខណ្ឌចំការមនបានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យស្នងការរាជធានីភ្នំពេញចុះមកដល់កន្លែងកើតហតុពិនិត្យសាកសពទើបឲ្យដឹងថាស្ត្រីរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយ៖ សា មេត