ភ្នំពេញ៖ រថយន្តប្រភេទដឹកឥដ្ឋមួយគ្រឿង ត្រូវរថយន្តដឹកឥដ្ឋដូចគ្នាមួយគ្រឿងទៀត មកវ៉ាជែងពីក្រោយរួចជ្រុលចង្កូតទៅគៀពេញទំហឹង បណ្តាលឲ្យធ្លាក់ទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១២ និង០០នាទី ថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកឥដ្ឋ ១គ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 3F0801 ធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើង មកត្បូងក្នុងល្បឿនលឿន ស្រាប់តែមកដល់ជិតចំណុចកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋមួយគ្រឿងទៀត មិនចាំផ្លាកលេខ ធ្វើដំណើស្របទិសបានវ៉ាជែង ពីខាងក្រោយមិនប្រយ័ត្នរួចបានបួងចង្កូតជ្រុលទៅគៀ ពេញទំហឹងបណ្តាលឲ្យរថយន្តដឹកឥដ្ឋ នៅខាងមុខបួងចង្កូតទៅធ្លាក់ទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់ជាពីរ។
ហេតុការណ៍នេះមិនមានអ្នករងរបួសទេ រងការខូចខាតតែរថយន្ត និងខូចខាតទ្រូងផ្លូវដែលជាទ្រព្យសម្បត្តិរដ្ឋ ដែលឃើញមានជនជាតិចិនកំពុងតែសាងសង់ ហើយភ្លាមៗនោះដែរក៏មានរថយន្តមួយគ្រឿងទៀត មកសាងយកឥដ្ឋចេញពីរថយន្ត ងាយស្រួលស្ទូចឡើង និងប្រញាប់យកឥដ្ឋទៅដាក់ឲ្យម៉ូយផងដែ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចបានទាក់ទង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើកំណត់ហេតុ រួចបានហៅរថយន្តស្ទូច មកស្ទូចយករថយន្តដឹកឥដ្ឋយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សា មេត