ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកទឹកកកយកទៅឱ្យម៉ូយរួចក៏ចេញមកវិញ ប្រុងទៅផ្ទះស្រាប់មកដល់ផ្លូវបំបែកជាបួនក៏អកសឺជ្រុលចង្កូតទៅបុកគូទរថយន្តធុនធំពេញទំហឹងបណ្ដាលឲ្យខ្ទេចផ្ទៃខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃអាទិត្យទី ១២ ខែកក្កដាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវហាណូយក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េប្រភេទដឹកទឹកកកមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2AG 1436 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្តធុនធំមួយគ្រឿងទៀតដែលពាក់ផ្លាកលេខ ព្រៃវែង 3A 0104នៅពីខាងមុខ ស្រាប់តែភ្លាមនោះដែររថយន្តប្រភេទកូរ៉េដឹកទឹកកកមួយគ្រឿងនោះក៏បានអកសឺ ជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពីក្រោយពេញទំហឹងរងការខូចខាតផ្នែកខាងមុខ ទាំងស្រុង ។
ហើយភ្លាមនោះដែរម្ចាស់រថយន្តកូរ៉េដឹកទឹកកកបានជាប់នៅក្នុងរថយន្តរួចក៏មានបងប្អូនប្រជាពលរដ្ឋយកឈើទៅគាស់យកតៃកុងចេញពីរថយន្តផងដែ។
បញ្ជាក់ ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឱ្យមានផលប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋនិងមិនមានរបួសស្នាមដល់ភាគីខាងតៃកុងរថយន្តនោះទេគឺរងការខូចខាតតែរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ដទាំងពីរគ្រឿងយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សា មេត