ភ្នំពេញ៖បុរសម្នាក់ដែលគេស្គាល់ថាជា មន្ត្រីយោធាពាក់សក្តិ៤ មានវិបត្តិគិតអីមិនចេញរួចបានទាញអាវុធផ្ទុះចំនួន៣គ្រាប់ធ្វើឲ្យផ្អើលប្រជាពលរដ្ឋ នៅជាប់បន្ទប់ជួល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧ និង ២០ នាទីយប់ ថ្ងៃអាទិត្យទី១២ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុជនបង្កបានមកផឹកសុីជាមួយមិត្តភក្តិនៅក្នុងបន្ទប់ខាងលើមានគ្នាចំនួន៤នាក់ ពេលកំពុងផឹកនោះជនបង្កបាននិយាយថាពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ លុះមួយសន្ទុះក្រោយមកជនបង្កបានចេញក្រៅបន្ទប់ដកកាំភ្លើងបាញ់ចំនួន ១ គ្រាប់ រួចចូលទៅក្នុងបន្ទប់បាញ់ចេញតាមមាត់ទ្វារទៅលើចំនួន ២គ្រាប់ទៀតបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជាប់បន្ទប់ជួល ។
ដោយឃើញហេតុការណ៍ខាងលើនោះ ដែរម្ចាស់ផ្ទះបានខលហៅខាងសមត្ថកិច្ចមូលដ្ធានឲ្យចុះជួយអន្តរាគមន៍ និងឃាត់ខ្លួនបានជនបង្កភ្លាមៗ រួមមានវត្ថុតាងមួយចំនួន រួមមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ដែលពាក់ផ្លាកលេខ ភ្នំពេញ1BC-0835 និងមានកាំភ្លើង ១ ដើមទៀតផងដែរ។
ជនបង្កមានឈ្មោះ សោម ពិសិដ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរ ជាយោធា កងឯកភាពទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការឋានៈវរសេនីយ៍ត្រី អត្តលេខ ០១៦៨២៨ ប្រើប្រាស់អាវុធខ្លី ម៉ាកK៥៩ លេខ៧២៦១។
បច្ចុប្បន្នជនបង្ករួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួន និងសាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះ៕ដោយ៖ សា មេត