ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី។
លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អមដំណើរដោយលោកអភិបាលរងខេត្ត លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកសាខា លោកអភិបាលរងស្រុករមាសហែក និងលោកស្រីមេឃុំអណ្ដូងពោធិ៍នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរា ៨គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១២គ្រួសារ) សរុប ២០គ្រួសារ ក្នុងឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ។
មានប្រសាសន៍នាឱកាសនោះ លោក ម៉ែន វិបុល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេសក្នុងពេលដែលពិភពលោក កំពុងព្រួយបារម្ភ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិពលជំងឺកូវីដ-១៩ បានបណ្ដាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាត របស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ហើយ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើម្បីការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ១៩នេះឲ្យសោះ ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ។ ម្យ៉ាងវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ធ្វើការអប់រំកូនចៅ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលបន្ថែម ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ៕ ដោយ៖វ៉ៃកូ