ខេត្តស្វាយរៀង ៖ រាជរដ្ឋាភិបាលបានបញ្ជូននិស្សិតចំនួន៤៩២នាក់ ស្រី១៣៥នាក់ ឲ្យត្រឡប់ទៅបន្តការសិក្សានៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកប៉ាយ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការសម្របសម្រួល ពីប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ព្រមទាំងសមត្ថកិច្ចគនរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិបាវិត និងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងអគ្គកុងស៊ុល។
ទាក់ទិនទៅនិងក្រុមនិស្សិតដែលបានទៅបន្តកម្មសិក្សា នៅប្រទេសវៀតណាមនេះដែរ លោកនាយរងនគបាលអន្តោប្រវេសន៍ប៉ុស្តិ៍ច្រកទ្វា ព្រំដែនអន្តរជាតិក្រុងបាវិត បានឲ្យដឹងថា មន្ត្រីនគបាលអន្តោប្រវេសន៍ច្រក ទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយ ការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ សមត្ថកិច្ចខេត្តតៃនិញ សម្របសម្រួលដំណើរនិស្សិត សិក្ខាកាមយោធា សិក្ខាកាមនគរបាលចំនួន៤៩២នាក់ ក្នុងនោះស្រី១៣៥នាក់នាក់ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ វិលត្រឡប់ទៅសិក្សានៅប្រទេសវៀតណាមវិញ។
ប្រភពបន្តថា និស្សិតដែលចេញទៅបន្តការសិក្សានេះគឺ នៅ៥២គ្រឹះស្ថានអប់រំ បណ្តុះបណ្ដាល ទូទាំងប្រទេសវៀតណាម (នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងតាមបណ្តាខេត្តផ្សេងទៀតនៅប្រទេសវៀតណាម)។ ទន្ទឹមនោះ អាជ្ញាធរខេត្តតៃនិញ បានរៀបចំកន្លែងចត្តាឡីស័ក២កន្លែង (ប្រុស១កន្លែងស្រី១កន្លែង) នៅក្នុងក្រុងតៃនិញ ខេត្តតៃនិញ ប្រទេសវៀតណាម។ នេះជាលើកដំបូងហើយ ដែលក្រសួងអប់រំ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិតខ្មែរឲ្យត្រឡប់ ទៅបន្តការសិក្សានៅប្រទេសវៀតណាមវិញ ដោយគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញ នៃមហាវិទ្យាល័យ ក្នុងប្រទេសវៀតណាម បានចាប់ផ្តើមបើកឲ្យសិស្សនិស្សិតចូលសិក្សាវិញ។ ដោយប្រទេសវៀតណាម និងព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានល្អមានប្រសិទ្ធភាព ដោយបន្តធ្វើចត្តាឡីស័ក និងអនុវត្តការធ្វើអនាម័យជាប់ជាប្រចាំ៕ ដោយ៖វ៉ៃកូ