Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ មាន​ជនបរទេស កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ ចំនួន​១.៨៧៤​នាក់​

ភ្នំពេញ៖ ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ឲ្យ​ដឹងថា ជនបរទេស​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ទូទាំងប្រទេស គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​សរុប​១.៨៧៤​នាក់ ក្នុងនោះ ស្រី​២៤៩​នាក់ និង​ចំនួន​៤៥​សញ្ជាតិ ខណៈ​មកទល់ពេលនេះ មាន​ជនបរទេស បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា មាន​ជាង​១៦​ម៉ឺន​នាក់​។​

​ក្នុង​របាយការណ៍​លទ្ធ​ផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០​របស់​អគ្គ នាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​បញ្ជាក់ថា ជនបរទេស​ដែល​កំពុង​ជាប់ឃុំ ក្នុង​ពន្ធនាគារ​នៅ​ទូទាំងប្រទេស​គិត​ត្រឹម ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​សរុប​១.៨៧៤​នាក់ ស្រី​២៤៩​នាក់ មាន​ចំនួន​៤៥​សញ្ជាតិ​។ ភាគច្រើន​ជាងគេ គឺ​ជនជាតិ​វៀតណាម​៧៤៩​នាក់ ស្រី​១៦៨, ចិន​៧២៧​នាក់ ស្រី​២៤​នាក់​, នី​ហ្សេ​រី​យ៉ា​៧៣​នាក់ ស្រី​១​នាក់​, ថៃ​៦៨​នាក់ ស្រី​២៦​។ ក្នុងនោះ ជន​ដែល​ត្រូវ​ចោទ មាន​ចំនួន​៥៨៩​នាក់ ស្រី​៥៤​នាក់​, ជនជាប់ចោទ មាន​ចំនួន​៣០៩​នាក់ ស្រី​២៧​នាក់​, ពិរុទ្ធជន មាន​ចំនួន​៦៨៣​នាក់ ស្រី​៩៤​នាក់​, ទណ្ឌិត មាន​ចំនួន​២៩៣​នាក់ ស្រី​៧៤​នាក់​។​

ជនបរទេស​រងគ្រោះ​ដោយ​ឧប្បទ្ទវហេតុ​ផ្សេងៗ ចំនួន​២១១​នាក់ លើ​១៣២​នាក់ ក្នុងនោះ​ស្លាប់​ដោយសារ​ជំងឺ​១០០ លើ​៥៤​នាក់​, ឃាតកម្ម​៤​នាក់ , អត្តឃាត​១៤​នាក់ លើ​០១​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ លើ​០៨​នាក់ និង​រងគ្រោះ​ដោយ​អំពើ​ផ្សេងៗ​ចំនួន​៨៨​នាក់ លើ​៣៧​នាក់​។ គិត​ចាប់ពី​ការបង្កើត​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ឆ្នាំ​២០១៤ មកដល់​ដំណ​ច់​ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បណ្ដេញចេញ​ជនបរទេស​ខុសច្បាប់ ចំនួន​១៧.២៣០​នាក់ ស្រី​២.៩៧១​នាក់ មាន​១០៤​សញ្ជាតិ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​មានប្រសាសន៍ថា មកទល់ពេលនេះ មាន​ជនបរទេស​ដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មាន​ជាង​១៦​ម៉ឺន​នាក់ ប៉ុន្ដែ​វត្តមាន​ជាក់ស្តែង មាន​ជនបរទេស​ស្នាក់នៅ​កម្ពុ​ជាមាន​ជាង​១១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា រយៈពេល​៦​ខែ​ឆ្នាំ​២០២០​នេះ មាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ជនបរទេស​មក​កម្ពុជា​មានការ​ថយចុះ ហើយ​កម្ពុជា​ទទួល​ជនបរទេស​ជាង​១​លាន​នាក់ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នានេះ​ឆ្នាំ​២០១៩​គឺ​ទទួលបាន​ជាង​៣​លាន​នាក់​។​

​ឯកឧត្តម​មានប្រសាសន៍​ថា តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល​យើង​បាន​បង្កើតឡើង ហើយ​យើង​អនុញ្ញាត ឲ្យ​ម្ចាស់​គោលដៅ និង​ម្ចាស់​ទីតាំង ឬ​ម្ចាស់​លំនៅដ្ឋាន ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា ចុះ​វត្តមាន​ជនបរទេស​ស្នាក់នៅ​លំនៅដ្ឋាន​របស់ខ្លួន​។ មកដល់​ម៉ោង​នេះ ទទួលបាន​ជាង​១៦​ម៉ឺន​នាក់ ដែល​បាន​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ​យើង ប៉ុន្ដែ​ប្រព័ន្ធ​ក៏បាន​បញ្ជាក់ថា វត្តមាន​ជាក់ស្ដែង ប្រហែល​ជាង​១១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​

​ឯកឧត្តម​រៀបរាប់ថា ប្រព័ន្ធ​ព័ត៌មានវិទ្យា​កំពុងតែ​តាមដាន​បន្ដទៀត ចំពោះ​ជនបរទេស​ស្នាក់នៅ​កម្ពុជា ដូច្នេះ​ជនបរទេស​អាច នឹងមាន​ការកើនឡើង​បន្ថែមទៀត ដោយសារតែ​អគ្គនាយកដ្ឋាន​អន្ដោ​ប្រ​វរ​សន៍ បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ​។​

​ឯកឧត្តម​សង្ឃឹមថា ការចុះបញ្ជី​ជន​បទេស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា នឹង​កាន់តែ​ល្អ​បន្ថែមទៀត ព្រោះ​ការងារ​នេះ​ក៏​ជា​ជំហាន​ដំបូង​នៅ​កម្ពុជា ហើយ​ការងារ​នេះ​ក៏បាន​ជួប​បញ្ហា​មួយចំនួន​ផងដែរ​។ ឯកឧត្តម​ក៏បាន​សូម​ណូ​ពរ ដល់​ម្ចាស់​ទីតាំង ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អគារ ជាដើម ត្រូវ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ឲ្យ​ទទួលបាន​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ព្រោះ​ការងារ​ទាំងនេះ​ក៏បាន​កំណត់ដោយ​ច្បាប់​ផងដែរ​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​លើកឡើងថា ប្រសិនបើ​មាន​ម្ចាស់​ទីតាំង​ណាមួយ​ឲ្យ​ជនបរទេស​ស្នាក់នៅ ហើយ​មិន​សហការ​ជាមួយ​សមត្ថកិច្ច នោះ​ម្ចាស់​ទីតាំង​នឹង​ទទួលពិន័យ​តាមផ្លូវ​ច្បាប់​៕
ដោយ ៖ បញ្ញា​ស័ក្តិ​

 

×