Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​រថយន្ត​ស៊េរី​ទំនើប​ចង្កូត​ស្តាំ ពាក់​ផ្លាកលេខ​ក្លែងក្លាយ គ្មាន​ឯកសារ​ពាក់​ពន្ធ អត់​បង់ពន្ធ​នាំចូល និង​ពាក់​ផ្លាកលេខ ខម​

​ស្ទឹងត្រែង ៖ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានប្រគល់​រថយន្ត​ពាក់​ផ្លាកលេខ​ក្លែងក្លាយ និង​គ្មាន​ឯកសារ​បង់ពន្ធ​ចំនួន ៧ គ្រឿង​ជូន​គយ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០២០​។​

ដោយមាន​ការចង្អុលបង្ហាញ និង​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បើក​កិច្ចប្រតិបត្តិការ​ត្រួតពិនិត្យ លើ​យានយន្ត​ពាក់​ផ្លាកលេខ ខម ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​។​

ក្រោយពី​បាន​អនុវត្ត​បទបញ្ជា និង​បាន​បង្ក្រាប​រថយន្ត​ពាក់​ផ្លាកលេខ​ក្លែងក្លាយ គ្មាន​ឯកសារ​ពាក់​ពន្ធ អត់​បង់ពន្ធ​នាំចូល និង​ពាក់​ផ្លាកលេខ ខម​។ ក្រោយពី​ត្រួតពិនិត្យ​លើ​យានយន្ត​នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​រួចមក អាវុធហត្ថ​ខេត្តស្ទឹងត្រែង រកឃើញថា រថយន្ត​ប្រភេទ​ចង្កូត​ស្ដាំ​ពាក់​ផ្លាកលេខ​ក្លែងក្លាយ មិនមែនជា​របស់​កង​ទ័ព និង​គ្មាន​ឯកសារ​បង់ពន្ធ​នាំចូល​ចំនួន ៧ គ្រឿង​។​

លោក​ព្រាប គា​រ៉ា​ត ប្រធានការិយាល័យ​តំបន់​៦ នៃ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​គយ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រថយន្ត​ទាំងអស់ ដែល​ខាង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាបបាន​ហើយ គយ​ទទួលយក គឺជា​ប្រភេទ​រថយន្ត​ពាក់​ផ្លាកលេខ​ក្លែងក្លាយ ដែល​មិនមែនជា​បន្ទុក​របស់រ​ដ្ឋ និង​ជា​រថយន្ត​អត់​ពន្ធ​នាំចូល​។​

លោក​ព្រាប គា​រ៉ា​ត បាន​បញ្ជាក់ថា រថយន្ត​ប្រើ​ចង្កូត​ស្ដាំ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល ហាមឃាត់​មិន​ឲ្យ​នាំចូល​ក្នុងប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ២០១៥​មកម្ល៉េះ បើសិនជា​ឃើញ​រថយន្ត​ប្រភេទ​ចង្កូត​ស្ដាំ​ស៊េរី​ទំនើប ត្រូវតែ​បង្ក្រាប​។ លោក​គា​រ៉ា​ត ក៏បាន​បញ្ជាក់​ផងដែរ​ថា ខាង​គយ​របស់លោក ទទួល​ទិស​តំបន់ ៦ បាន​ទទួលយក​រថយន្ត​អត់​បង់ពន្ធ​ជាង ១០ គ្រឿង ពី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។ នេះ​គឺជា​លើក​ទី ២ ហើយ ដែល​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានប្រគល់​រថយន្ត​ចំនួន ៧ គ្រឿង​បន្ថែមទៀត មកឱ្យ​គយ ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

ជា​ចុងក្រោយ លោក​ព្រាប គា​រ៉ា​ត ក៏បាន​កោតសរសើរ និង​ថ្លែង​អំណរ​អរគុណ ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដែល​បាន​បម្រើ​ការងារ​នៅ​ផ្នែក​កងទ័ព និង​បាន​បង្ក្រាប​រថយន្ត​អត់​ពន្ធ​ប្រើ​ផ្លាកលេខ​ក្លែងក្លាយ​កងទ័ព ប្រគល់​មក​ឲ្យ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​គយ​៕
​ដោយ​៖​សុខុម​

×