បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនបុរស៣នាក់ជួញដូររក្សាទុក និងថ្នាំម៉ាទឹកកក០៥ថង់ម៉ូតូមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួននៅកន្លែងផ្សេងគ្នា កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សេងគ្នា ក្នុងស្រុកមោងឫស្សី និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ៣នាក់ ដែលចាប់ឃាត់ខ្លួន ករណីទី១ ឈ្មោះមាស វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០២ថង់ សម្ភារៈមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួន កាលពីម៉ោង១៦និង១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី១៧ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ករណីទី២ ឈ្មោះរ៉ើម ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងឈ្មោះផា នុន ហៅនិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអង្ក្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៣ថង់ ម៉ូតូមួយគ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀន មួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង២២និង១៥នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្រុមទី០១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរទាំង២នេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ហើយ៕ ដោយ៖អ៊ុងសារុំ