បាត់ដំបង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ក្រោមការជួយឧបតម្ថគាំទ្រពីគម្រោងផ្សេងៗ បានកំពុងផលិតពូជស្រូវសុទ្ធល្អ ប្រភេទសែនក្រអូប ដើម្បីចែកចាយទៅដល់់កសិករ យកទៅបង្កបង្កើនស្រូវឲ្យស្របតាមស្តង់ដារ និងលក់បានក្នុងតម្លៃសមរម្យ ។
លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មន្ទីរកសិកម្មខេត្ត កំពុងធ្វើការផលិតពូជស្រូវ នៅចំណុចអាងពោធិ៍ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយប្រើប្រាស់គ្រឿងចក្រត្រាក់ទ័រ ព្រោះស្រូវជាជួរ ដែលប្រើប្រាស់ពូជត្រឹមប្រមាណ១០០គីឡូក្រាម ក្នុង១ហិកតា ខណៈដែលប្រជាកសិករគាត់ ប្រើពូជអស់ចាប់ពី១៥០ទៅ២០០គីឡូក្រាម ក្នុង១ហិកតា ហើយការធ្វើស្រូវប្រភេទពូជសុទ្ធល្អ និងតាមបច្ចេកទេសទំនើបនេះ អាចទទួលបានទិន្នផលចាប់ពីប្រមាណ ៤តោនទៅ៤តោនកន្លះ ក្នុង១ហិកតា។ ពូជស្រូវ ត្រូវបានផលិតនៅទីនេះ គឺមន្ទីរកសិកម្ម បានចែកចាយទៅតាមសហគមន៍ផលិតពូជស្រូវនានា នៅក្នុងខេត្ត ដើម្បីផ្ដល់បន្តទៅកសិករផ្សេងៗ ឲ្យបានធ្វើស្រែដែលមានពូជស្រូវសុទ្ធល្អ កាត់បន្ថយការប្រើប្រាស់ពូជ។ គម្រោងផលិតពូជស្រូវនេះ មន្ទីរកសិកម្មខេត្ត អនុវត្តបានជាង៣ឆ្នាំមកហើយ ដោយមួយឆ្នាំៗអាចផលិត ទើបបានជាង ១០០តោន។
លោក ឈឹម វជ្ជរ៉ា បានបញ្ជាក់ថា ការផលិតពូជស្រូវនៅខេត្តបាត់ដំបងនេះ បានជួបនូវឧបសគ្គផងដែរ ពាក់ព័ន្ធនឹងបញ្ហាទឹក ទើបការផលិតពូជស្រូវ ដើម្បីចែកចាយទៅកសិករ មិនទាន់បានគ្រប់គ្រាន់នៅឡើយ។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបងនេះ ក្រៅពីការផលិតនូវពូជស្រូវ មន្ទីរកសិកម្មខេត្ត រួមទាំងដៃគូនានា បានផលិតនូវពូជដំឡូមី ពូជបន្លែមួយចំនួនទៀត ដែលការផលិតពូជនេះ មានទាំងការចែកចាយ និងការបង្រៀន ពីវិធីដាំដុះផងដែរ៕ ដោយ៖ អ៊ុងសារុំ