ខេត្តស្វាយរៀងៈលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមកកម្ពុជាក្រុងបាវិត នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ ចំនួន ២០ ខ្នង ក្នុងនោះខូចខាតទាំងស្រុង ២ ខ្នង មធ្យម ២ ខ្នង និងខូចខាតស្រាល ១៦ ខ្នង ក្រុងបាវិត នៅសង្កាត់ច្រកម្ទេស ២ គ្រួសារ និងសង្កាត់ព្រៃអង្គុញ ១៨ គ្រួសារ ។
លោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានា របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ហើយសូមសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្កដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកជំទាវ ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយសារលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាហ៍ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាសនៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ ៕
ដោយ៖វ៉ៃកូ