បាត់ដំបងៈអាជ្ញាធរខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធ បានបង្កើតក្រុមការងារចុះពិនិត្យមើលភូមិសាស្ត្រនិងចុះធ្វើសាលាកប័ត្រព័ត៌មានជាក់លាក់ ដើម្បីកំណត់អត្តសញ្ញាណកម្មដីធ្លីនិងអត្តសញ្ញាណកម្មមនុស្សនៅតំបន់ស្រុកសំឡូតដែលមិនទាន់មានអនុក្រឹត្យ០១របស់រាជរដ្ឋាភិបាលកាត់ឆ្វៀលដីចេញពីដីគម្របព្រៃឈើនិងតំបន់អភិរក្សប្រើប្រាស់យ៉ាងសំឡូតនៅឡើយ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានបើកកិច្ចប្រជុំនិងប្រកាសពីសមាសភាពក្រុមការងារក្នុងការចុះប្រតិបត្តិការក្នុងការចុះស្រង់ទិន្នន័យ ប្រមូលព័ត៌មានជាក់លាក់និងធ្វើសលាកប័ត្រព័ត៌មាន ដើម្បីបញ្ជាក់អត្តសញ្ញាណដីធ្លីនិងមនុស្ស ដែលកំពុងតែរស់នៅនិងអាស្រ័យផលនៅតាមបណ្តាឃុំមួយចំនួន ដែលពាក់ព័ន្ធទៅនិងដីគម្របព្រៃឈើនិងតំបន់ដែនអភិរក្សប្រើប្រាស់ច្រើនយ៉ាងក្នុងស្រុកសំឡូត ហើយ ក្រុមការងារ បានចុះទៅពិនិត្យមើលតំបន់ភូមិសាស្ត្រផ្ទាល់ដែលត្រូវចាប់ផ្តើមក្នុងការចុះអនុវត្តជាក់ស្តែង។
កិច្ចប្រជុំនិងការប្រកាសសមាសភាពក្រុមការងារ ដើម្បីចុះប្រតិបត្តិការក្នុងការអនុវត្តពីការកំណត់អត្តសញ្ញាណដីធ្លីនិងមនុស្សនៅក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបងនេះ បានប្រព្រឹត្តិធ្វើឡើងកាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២០។
ក្រុមការងារចុះប្រតិបត្តិការទាំង២ក្រុម ដែលមានសមាសភាពជាមន្ត្រីរបស់មន្ទីរជំនាញផ្ទាល់ ក្នុងការចុះអនុវត្តបំពេញតួនាទីភារកិច្ចចំពោះមុខរបស់ខ្លួន ដើម្បីឲ្យឆ្លើយតបនូវវិធានអនុវត្តជាក់ស្តែង ក្នុងការចុះស្រង់ទិន្នន័យនិងកំណត់នូវអត្តសញ្ញាណដីនិងមនុស្ស ដែលកំពុងរស់នៅក្នុងតំបន់ស្រុកសំឡូត។កិច្ចប្រជុំ បានផ្តោតសំខាន់នូវជំហានភារកិច្ចទី១របស់ក្រុមការងារដែលមានសមាសភាពចម្រុះមកពីរដ្ឋបាលខេត្តមន្ទីរវិស័យជំនាញពាក់ព័ន្ធនានានិងសមាសភាពនៅថ្នាក់មូលដ្ឋានផ្ទាល់។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានផ្តាំផ្ញើរនិងក្រើនរំលឹកពីសមត្ថកិច្ចជំនាញ របស់មន្ត្រីក្នុងការចុះទៅអនុវត្តនិងបំពេញតួនាទី ដែលរដ្ឋបាលខេត្តបានកំណត់។ត្រូវធ្វើយ៉ាងណាឲ្យទទួលបាននូវភាពជាក់លាក់ម៉ត់ចត់ប្រាកដប្រជាពីទិន្នន័យអត្តសញ្ញាណកម្មដីនិងអត្តសញ្ញាណកម្មមនុស្សរស់នៅទីនោះឲ្យបានត្រឹមត្រូវ ស្មោះត្រង់ តម្លាភាពនិងដោយការទទួលខុសត្រូវចំពោះមុខច្បាប់។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ថាក្នុងភូមិសាស្ត្រស្រុកសំឡូត មិនទាន់មានអនុក្រឹត្យ០១របស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដី ចេញពីដីគម្របព្រៃឈើនិងតំបន់អភិរក្សប្រើប្រាស់យ៉ាងសំឡូត នៅឡើយនោះទេ។កន្លងទៅក្រសួងបរិស្ថាននិងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានបើកនូវកិច្ចប្រជំផ្សព្វផ្សាយ មួយ”ស្តីពីការចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដីធ្លី”នៅក្នុងស្រុកសំឡូត ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់លម្អិតអំពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់នេះ ដើម្បីប្រមូលព័ត៌មានជាក់លាក់ធ្វើការពិចារណានិងខិតខំស្វែងរកនូវដំណោះស្រាយពីវិធានផ្លូវច្បាប់លើបញ្ហាដីធ្លីដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសំឡូតដែលទាក់ទិននៅតំបន់អភិរក្សសត្វព្រៃភ្នំសំកុសនិងតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលស្ថិតក្នុងស្រុកសំឡូតនេះ។ក្នុងកិច្ចប្រជុំប្រកាសសមាសភាពដឹកនាំក្រុមការងារនិងបង្ហាញមុខមន្ត្រីក្រុមការងារទាំង២ក្រុម ដែលត្រូវចុះអនុវត្តនូវគោលនយោបាយរាជរដ្ឋាភិបាលនិងអនុសាសន៍ របស់សម្តេចតេជោសែននិងការណែនាំពីក្រសួងបរិស្ថាននិងពីចំណាត់ការរបស់ រដ្ឋបាលខេត្តបាត់ដំបងផងដែរ៕ ដោយៈអ៊ុងសារុំ