ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានធ្វើការជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កើនការអនុវត្តការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅតាមសហគមន៍ ដោយត្រូវពង្រឹងការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវខិតខំបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវតាមនីតិវិធី ចំគោលដៅ ចំមុខសញ្ញា ប្រកបដោយតម្លាភាពសម្រាប់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ។
លោកអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារធ្វើការថ្មី នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ។
លោកម៉ែន វិបុល បានថ្លែងនូវការកោតសរសើរ ដល់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ដែលកន្លងមក តែងតែយកចិត្តទុកដាក់ ក្នុងកសាងនូវសមិទ្ធផលនានាជាច្រើន ដើម្បីសម្រួលដល់ការបំពេញការងារ របស់កងកម្លាំងឱ្យកាន់តែមានភាពងាយស្រួល និងថ្លែងអរគុណដល់លោកអធិការនគរបាលក្រុង ដែលបានខិតខំការកៀរគរការចូលរួម វិស័យឯកជន និងសប្បុរសជនទាំងអស់ ជាពិសេសលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដែលបានឧបត្ថម្ភថវិកា ក៏ដូចជាសម្ភារសម្រាប់ការសាងសង់អគារធ្វើការដ៏ថ្មីស្រឡាង ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។
ជាមួយនេះ លោកក៏បានថ្លែងនូវការអរគុណ ដល់កងកម្លាំងទាំងអស់ ដែលកន្លងមកនេះ បានខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច ព្រមទាំងបានស្នើដល់កងកម្លាំងទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបង្កើនការចុះល្បាតឲ្យបានកាន់តែសកម្ម និងរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ជាទីបំផុត ដោយត្រូវត្រៀមកម្លាំងប្រចាំការឲ្យបាន ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីអន្តរាគមន៍ឲ្យបានទាន់ពេលវេលា និងធ្វើការបង្ក្រាបឲ្យខានតែនូវបទល្មើសគ្រប់ប្រភេទ ដែលបានកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងបញ្ហាអគ្គិភ័យជាដើម ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ ៕ ដោយ៖ វ៉ៃកូ