Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ និង​អាជ្ញាធរ បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ព្រមៗ​គ្នា ដើម្បី​ការពារ​អាយុជីវិត​

​តាកែវ​៖ លោកជំទាវ មិន មាណវី បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​ផ្លូវ ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ព្រមៗ និង​ស្មើភាព​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ​ផង ប្រកបដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​ឱ្យបាន​អតិបរមា​នូវ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ពីមួយ​ឆ្នាំ​ទីមួយ​ឆ្នាំ កំណើន​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បន្ត​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​ការងារ​ចរាចរណ៍​នេះ ។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​តាកែ លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ប្រសាសន៍​បន្តទៀតថា ការអំពាវនាវ​នេះ​ក្នុងន័យ​ចង់បាន​នូវ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក៏ដូចជា ចង់​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ជាពិសេស អ្នកប្រើប្រាស់​ទោចក្រយានយន្ត ត្រូវ​យកចិត្តទុកដាក់ និង​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ទាំងអស់គ្នា សំដៅ​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យនៅ​កម្រិត​ទាប ស្របតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​«​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​»​។

​ជា​ចុងក្រោយ​លោកជំទាវ មិន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានធ្វើការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ Covid-19 តាមរយៈ​ការរក្សា​គម្លាត ការពាក់​ម៉ាស​ការពារ ការថែរក្សា​សុខភាព និង​អនាម័យ​ខ្លួនប្រាណ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺ​Covid-19 កុំអោយ​ឆ្លង​រី​រាលដាល​ចូលមកក្នុង​សហគមន៍​របស់​យើង​បាន​ផងដែរ ៕​ដោយ​៖​តាកែវ​

×