តាកែវ៖ ក្មេងប្រុសជាចៅម្នាក់បានស្លាប់ ចំណែកជីដូនរងរបួសធ្ងន់ដោយងងឹតភ្នែក ក្រោយនាំគ្នាទៅកាប់កំពូលត្នោត ក្បែរផ្ទះ ប៉ះចំសំបុកឱម៉ាល់ផ្អើលហើរទិច ទៅលើចៅ និងជីដូន ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក ស្ថិតនៅភូមិពោន ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ជេន អឿន ភេទស្រី អាយុ៦២ឆ្នាំ ត្រូវជាជីដូន បាននាំចៅប្រុសឈ្មោះ មន កក្កដា អាយុ០៥ឆ្នាំ ទៅកាប់កំពូលត្នោតនៅខាងក្រោយផ្ទះ ពេលនោះបានប៉ះចំសម្បុកឱម៉ាល់ធ្វើឲ្យផ្អើល ហើយត្រូវបានឱម៉ាល់ហើរទិចជាច្រើនមេ បណ្តាលឲ្យក្មេងប្រុសរងគ្រោះខាងលើស្លាប់ពេលយកមកដល់ផ្ទះ ចំណែកជីដូនបានរងរបួសធ្ងន់ដោយងងឹតភ្នែក។
បច្ចុប្បន្នជីដូនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ ចំណែកសពកុមារារងគ្រោះ ត្រូវបានសាចញាតិធ្វើបុណ្យតាមប្រពៃណៃ ។
សូមអំពាវនាវដល់ប្អូនមានចិត្តសប្បុរសធម៌ដែលមានចិត្តបុណ្យ ជួយដល់ពួកគាត់ផង ហេតុការណ៍ដែលកើតឡើងនេះ ពិតជាគួរឲ្យសង្វេករកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដោយសារតែជីវភាពខ្វះខាត៕ដោយ៖ តាកែវ