ភ្នំពេញ៖ តម្រូវការសាច់ និងការផ្គត់ផ្គងសាច់នៅក្នុងស្រុក នាពេលបច្ចុប្បន្ននេះ បើយោងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា តម្រូវការសាច់ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការសាច់ ២៩ម៉ឺនតោន ប៉ុន្តែទើបតែផ្គត់ផ្គង់ខ្លួនឯងបានជាង ២៣ម៉ឺនតោនដែលស្មើប្រមាណ៨២% ប៉ុណ្ណោះ ដូច្នេះ កម្ពុជាត្រូវជំរុញការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវការសាច់ក្នុងស្រុក។
កម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដូចទៅនឹងបណ្តាប្រទេសផ្សេងៗទៀតដែរ ហើយទន្ទឹមនឹងនោះ កម្ពុជាក៏កំពុងជំរុញការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ឬបំពេញតម្រូវការក្នុងស្រុកក្នុងកាលៈទេសៈនេះ ដោយរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងផ្តល់អទិភាពមុនគេដល់វិស័យកសិកម្ម ជាពិសេសកសិករដែលចិញ្ចឹមសត្វ និងដាំដុះបន្លែផ្លែឈើ ក្នុងការទទួលបានកម្ចីឥណទានអត្រាការប្រាក់ទាបពីធនាគារអភិវឌ្ឍន៍និងកសិកម្ម។
បើយោងតាម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្ម មានការកើនឡើងប្រមាណ៣៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបទ ពីការចិញ្ចឹមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដែលធ្វើឱ្យមានកំណើននៃប្រាក់ចំណូលខ្ពស់។
ឯកឧត្តម វេង សាខុន បានមានប្រសាន៍ថា ក្នុងឆ្នាំ២០១៩កន្លងទៅ វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណជាង ២៨% នៃផលិតផលសរុបក្នុងស្រុក ក្នុងនោះផ្នែកដំណាំបានចូលរួមចំណែកជាង៦៧%, ផលិតកម្មសត្វ១១% ផ្នែកជលផល២៤% និងផ្នែកព្រៃឈើជាង ៦%។
គូសបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម ឆ្នាំ២០១៩កន្លងទៅ ផលិតកម្មសត្វ សម្រេចបានជាង៤៥លានក្បាល កើនឡើងលើសឆ្នាំមុនជាង៣% ជាហេតុធ្វើឱ្យកម្ពុជាមានលទ្ធភាព ផលិតសាច់សម្រាប់បំពេញតម្រូវការក្នុងស្រុក បានជាង ២៣ម៉ឺនតោន ស្មើនឹង៨២% នៃតម្រូវការសាច់សរុបប្រមាណ២៩ម៉ឺនតោននៅក្នុងឆ្នាំ៕
ដោយ៖CEN