បាត់ដំបង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយឃុំសំរោង ក្នុងនិងឃុំព្រែកខ្ពប ស្រុកឯកភ្នំ បានជំរុញអាជ្ញាធរក្រុង ស្រុក ពិសេសអាជ្ញាធរភូមិឃុំ ត្រូវផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍក្នុងមូលដ្ឋានដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យពួកគាត់មានឱកាសចូលរួមផ្ដល់មតិល្អៗ ក្នុងការអនុវត្តគម្រោងនោះ មានប្រសិទ្ធភាពនិងផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋគ្រប់ៗគ្នា ។
ការលើកឡើងនេះ ក្នុងវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកឯកភ្នំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តមនាយឧត្តមសេនីយ៍ ធឹម សុផា បានមានប្រសាសន៍ថា អាជ្ញាធរក្រុង ស្រុក ត្រូវតែបង្ហាញនូវសមិទ្ធផលនានា របស់ខ្លួនដែលបានអនុវត្ត ឬអភិវឌ្ឍន៍ក្នុងមួយឆ្នាំៗ ដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានដឹង ហើយសប្បាយរីករាយនឹងសមិទ្ធផលថ្មីៗ ក្នុងមូលដ្ឋានរបស់ពួកគាត់រស់នៅ។ អាជ្ញាធរ ត្រូវផ្ដល់ព័ត៌មាន ដល់ពលរដ្ឋអំពីសកម្មភាពជាអាទិភាព នៃការអភិវឌ្ឍរបស់ស្រុក សម្រាប់ឆ្នាំខាងមុខរបស់ខ្លួន ឲ្យពួកគាត់បានដឹងហើយផ្ដល់ឱកាសដល់ពលរដ្ឋ ដើម្បីពិភាក្សាពីរបាយការណ៍របស់ក្រុមប្រឹក្សា គណៈអភិបាលស្រុកពីការលើកឡើង នូវគំនិតផ្ទាល់ខ្លួន ហើយអាជ្ញាធរ ត្រូវទទួលយកមតិសំណូមពររបស់ពួកគាត់ ដើម្បពិភាក្សានិងឆ្លើយតបនៅពេលបន្ទាប់ៗទៀត ។ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តការងាររបស់ខ្លួន ឲ្យឆ្លើយតបនឹងគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមទាំងការផ្តល់សេវាសាធារណៈ និងសំណូមពរផ្សេងៗឲ្យបានទាន់ពេលវេលា។
លោក ផែង សុផល ប្រធានក្រុមប្រឹក្សាស្រុកឯកភ្នំ បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធវេទិកានេះ ក្នុងគោលបំណងផ្សព្វផ្សាយ សមិទ្ធផលនៃការអនុវត្តនៅឆ្នាំកន្លងមក របស់ក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលស្រុកឯកភ្នំ ក៏ដូចជាផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការស្នើសុំ សំណូមពរនិងលើកឡើងនូវបញ្ហាប្រឈមទាំងឡាយ ជាពិសេសប្រមូលរាល់មតិយោបល់ ពីពលរដ្ឋក្នុងមូលដ្ឋានភូមិ ឃុំ ដើម្បីឆ្លើយតបចំពោះតម្រូវការ ក្នុងក្របខ័ណ្ឌតួនាទីសមត្ថកិច្ចរបស់រដ្ឋបាលស្រុកទាំងមូល៕ ដោយ ៖ អ៊ុងសារុំ