Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​ផ្សារ​សហគមន៍​ផលិតផល​ខ្មែរ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​សុវត្ថិ​ភាព គ្មាន​ជាតិគីមី ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​នៅ ខេត្តបន្ទាយមានជ័យ​

​បន្ទាយមានជ័យ​៖ ដើម្បី​ជួយ​ជ្រោមជ្រែង​សម្រួល​ស្វែងរក​ទីផ្សារ​លក់ដូរ បង្កើន​ជីវភាព​ដល់​ប្រជាកសិករ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ពិសេស​មន្ទីរ​ពាណិជ្ជក​ម្ម និង​មន្ទីរ​កសិកម្ម​ខេត្ត ក្រៅពី​ជំរុញ​ការដាំដុះ និង​ការ​ចរាចរ​ផលដំណាំ​ទៅ​លក់​លើ​ទីផ្សារ អាជ្ញាធរខេត្ត​បាន​បង្កើត​ផ្សារ​សហគមន៍​ផលិតផល​ខ្មែរ​សម្រាប់​ឲ្យ​លក់ដូរ និង​ផ្សព្វផ្សាយ ផលិតផល​កសិកម្ម ជា​បន្លែ​ផ្លែឈើ​សុវត្ថិភាព​គ្មាន​ជាតិគីមី និង​ផលិតផល​កសិកម្ម​កែច្នៃ​ក្នុង​ខេត្ត ក្រោម​ការផ្តល់​អនុសាសន៍​ណែនាំ​ចង្អុលបង្ហាញ​ពី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ នៅ​ទីតាំង​បរិវេណ​សួន​មានជ័យ ខេត្តបន្ទាយមានជ័យ​។​

ត្រូវបានធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដំណើរការ​ផ្សារ​សហគមន៍​ផលិតផល​ខ្មែរ និង​វិថី​ម្ហូប​អារ​ហារ ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត និង ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ព្រមទាំង​មានការ​ចូលរួម​ពី​លោក លោកស្រី ស្ថាប័ន មន្ទីរ អង្គភាព ក្រុង ស្រុក និង​តំណាង​ក្រសួងពាណិជ្ជកម្ម​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩ ។

​លោក ប៉ុក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ឲ្យ​ដឹងថា ផ្សារ​សហគម​ផលិតផល​ខ្មែរ ក្រោម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) បាន​ចាប់​បើក​ដំណើរការ​លក់ដូរ​រៀងរាល់​ចុង​សប្តាហ៍​។​

​លោក​បន្តថា ផ្សារ​មាន​លក់​បន្លែ​សុវត្ថិភាព និង​សរីរាង្គ ដែល​ដាំ​ដុះ​ដោយ​ក្រុម​កសិករ​ក្នុង​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​មាន់​ស្រែ អង្ករ ម្សៅដំឡូង​មី និង​ផលិតផល​កសិកម្ម​កែច្នៃ​ដោយ​សិប្បករ​នៅក្នុង​ខេត្ត​ជាច្រើន​មុខ​ទៀត មាន​ចំនួន​៤៣ តូប បានរៀបចំ​រួចរាល់​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ថា​ការបង្កើត​ផ្សារ​សហគមន៍​ផលិតផល​ខ្មែរ​ក្នុង​គោលបំណង ផ្សព្វផ្សាយ​អំពី​ផលិតផល​កសិកម្ម ដែល​ផលិត​ដោយ​ក្រុម​កសិករ សហគមន៍​កសិកម្ម អ្នកប្រមូល​ទិញ សហគ្រាស​នានា បង្កើត​ឱកាស​សម្រាប់​ក្រុម​កសិករ​ផលិត អ្នកប្រមូល​ទិញ​ធំៗ នៅក្នុង​តំបន់ និង​ក្រៅ​តំបន់ ដើម្បី​សហការគ្នា​ក្នុង​គោលបំណង​ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ និង​បង្កើន​ផលិតផល និង​ផលិតកម្ម​។​

​ឯកឧត្តម​បន្តថា ផ្សារ​សហគមន៍​ផលិតផល​ខ្មែរ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ទីផ្សារ​លក់ដូរ​ក្រោយ​ទទួលផល ដែល​ធ្វើ​ឲ្យ​កម្រិតជីវភាព ប្រជាកសិករ​បានល្អ​ប្រសើ​រ ដែល​ជំរុញ​ទឹកចិត្ត​ធ្វើ​ឲ្យ​បន្ត​ខិតខំ​ដាំ​បន្លែ​ផ្លែឈើ​សុវត្ថិភាព ដោយ​គ្មាន​ជាតិគីមី និង​ការ​ចិញ្ចឹមសត្វ​តាមបែប​ធម្មជាតិ ក៏ដូចជា​បានដឹង​និង​ជួយ​គាំទ្រ​ផលិតផល​កសិកម្ម​កែច្នៃ​ដោយ​សិប្បករ​នៅក្នុង​ខេត្ត ដែលជា​ការលើកស្ទួយ​ផលិតផល​ខ្មែរ និង​សិប្បកម្ម​កែច្នៃ​ក្នុង​ខេត្ត​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

×