បាត់ដំបង៖អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចុះសិក្សាទៅលើទីតាំងដែលគ្រោង និងរៀបចំដំឡើងនូវស្ថានីយបូមទឹកថ្មីមួយកន្លែងទៀត ដើម្បីបូមទឹកពីស្ទឹងសង្កែ ទៅកាន់រោងចក្រផលិតទឹកស្អាតថ្មី ដែលគ្រោងនឹងដំឡើងការសាងសង់នៅដំណាច់ឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។
ការលើកឡើងនេះ ក្នុងកិច្ចប្រជុំពិភាក្សាការងារមួយជាមួយនឹងលោក អ៊ី ចាន់សន ទីប្រឹក្សាបច្ចេកទេសជាតិផ្នែកដោះស្រាយផលប៉ះពាល់ និងជាក្រុមការងារកុងស៊ុលតង់របស់ ADB កាលពីចុងសប្ដាហ៍ទី៤ ខែកក្កដា ឆ្នាំ២០២០។
លោក អ៊ី ចាន់សន ទីប្រឹក្សាបច្ចេកទេសជាតិ ផ្នែកដោះស្រាយផលប៉ះពាល់ និងជាក្រុមការងារកុងស៊ុលតង់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ប្រាប់ថា ក្រុមការងារនិងមន្ត្រីកុងស៊ុលតង់ របស់ADB ខណៈដែលបានចុះមកពិនិត្យមើលទីតាំង និងធ្វើការសិក្សាលម្អិតពីទីតាំង ដែលគ្រោងអនុវត្តគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយបន្ថែមទៀត ដែលមានសមត្ថភាព អាចផលិតទឹកស្អាតដល់ទៅ៥ម៉ឺនម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ គម្រោងសិក្សាពីការដំឡើងនូវស្ថានីយបូមទឹក និងពិនិត្យទីតាំងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីនេះ ក្នុងនោះក្រុមការងារADB និងវត្តមានឯកឧត្តម អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តបាត់ដំបង និងជាទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង រួមនឹងមន្ត្រីជំនាញសំខាន់ៗ របស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងផ្ទាល់ បានចុះត្រួតពិនិត្យ ជាមួយនិងក្រុមការងាររបស់ ADB និងចុះទៅកាន់តំបន់មួយចំនួន ដែលគ្រោងនិងធ្វើការពង្រីកបំពង់ទឹកស្អាតថ្មីបន្ថែមទៀត ដែលមានប្រវែងប្រមាណជា ១២៥គីឡូម៉ែត្រ នៅតាម ឃុំ-សង្កាត់នានា ក្នុងក្រុងបាត់ដំបង ក្នុងស្រុកថ្មគោល និងស្រុកសង្កែខេត្តបាត់ដំបង គម្រោងដែលកំពុងតែសិក្សាលម្អិត ពីទីតាំងជាក់ស្តែង ពីផលប៉ះពាល់ផ្សេងៗ មុនការអនុវត្តគម្រោងជាក់ស្តែង។
ឯកឧត្តម អ៊ុត ក្កឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា គម្រោងដែលកំពុងចុះសិក្សានេះ វាគឺជាគម្រោងហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងAFD ដើម្បីពិនិត្យមើលពីផលប៉ះពាល់ជាក់ស្តែង នៅមុនពេលដែលអនុវត្តគម្រោងសាងសង់ជាក់ស្តែង នៅពេលឆាប់ៗខាងមុខនេះ។ ក្រុមការងារសម្របសម្រួលការអនុវត្តគម្រោង PIU អង្គភាពរដ្ឋាករទឹកបាត់ដំបង ជាមួយទីប្រឹក្សា បច្ចេកទេសជាតិ ផ្នែកដោះស្រាយផលប៉ះពាល់ នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអាជ្ញាធរឃុំ-សង្កាត់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង មានស្ថានីយនិងរោងចក្រផលិតទឹកស្អាតចំនួន០២កន្លែង ដែលមានសមត្ថភាពអាចផលិតទឹកស្អាត ក្នុងមួយថ្ងៃប្រមាណជាង៣ម៉ឺនម៉ែត្រត្រីគុណ និងមានបណ្តាញចែកចាយទឹកស្អាតសរុបប្រវែង ៦២៧.១៧០ម៉ែត្រ មានចំនួនអតិថិជន ដែលបានតភ្ជាប់ទឹកស្អាតប្រើប្រាស់សរុប ២៩. ២៤២តំណ។ បរិមាណនៃការផលិតទឹកស្អាត ជាមធ្យមប្រចាំថ្ងៃមាន២០.៥១៣ម៉ែត្រត្រីគុណក្នុង១ថ្ងៃ៕ ដោយ៖អ៊ុងសារុំ