បាត់ដំបងៈសមត្ថកិច្ចការពារព្រំដែន បានធ្វើការហាមឃាត់ប្រជាពលរដ្ឋខ្មែរជិតមួយពាន់នាក់ ដែលបានព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃនៅតាមច្រករបៀងនានាស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខណៈពេលក្នុងអំឡុងមានការបិទព្រំដែនរវាងកម្ពុជា-ថៃ មិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់ពីសំណាក់ពលរដ្ឋទាំងពីរប្រទេស ក្រៅពីការដឹកជញ្ជូនទំនិញចេញចូលនោះ ។
ការលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយស្តីពីការបង្ក្រាបការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅស្រុកសំពៅលូន ដែលរៀបចំដោយអាជ្ញាធរខេត្តនិងអង្គការ IOM នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០ ក្រោមអធិបតីភាពលោកស្រី ស៊ុំ ចិន្តា អភិបាលរងខេត្តបាត់ដំបង។
លោកស្រី ស៊ុំ ចិន្តា អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថាអាជ្ញាធរខេត្តបាត់ដំបង នៅតែមានការព្រួយបារម្ភ ចំពោះការព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ពីសំណាក់ពលរដ្ឋខ្មែរ ចូលទៅក្នុងប្រទេសថៃ តាមច្រករបៀងនានា។ព្រោះកាលពីពេលថ្មីៗនេះ កងកម្លាំងការពារព្រំដែន បានឃាត់ខ្លួនពលរដ្ឋដែលលួចចូលទៅថៃតាមច្រករបៀងនានាចំនួនប្រមាណជិតមួយពាន់នាក់ ដែលក្នុងនោះមានពលរដ្ឋរស់នៅខេត្តបាត់ដំបងផងនិងបណ្ដាខេត្តផ្សេងៗទៀតផង តាមរយៈមេខ្យល់បញ្ចុះបញ្ចូល។
លោកស្រី ស៊ុំ ចិន្តា បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ ដោយកុំឲ្យបន្តលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃទៀត ព្រោះទាំងមានហានិភ័យក្នុងការចាប់បញ្ជូនមកវិញ ពីអាជ្ញាធរប្រទេសថៃ ប្រឈមការជួញដូរកម្លាំងពលកម្ម ជួញដូរផ្លូវភេទ ពិសេសបញ្ហាឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំង។
គួរបញ្ជាក់ថាសម្រាប់ច្រកព្រំដែនជាប់នឹងខេត្តបាត់ដំបងគឺមានការអនុញ្ញាតឲ្យឆ្លងកាត់ដឹកទំនិញតែ ២ច្រកទ្វារអន្តរជាតិប៉ុណ្ណោះគឺច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងនិងច្រកទ្វារអន្តរជាតិភ្នំដីស្ថិតក្នុងស្រុកសំពៅលូន ដោយមិនមានការអនុញ្ញាតឲ្យមនុស្សឆ្លងកាត់ដូចមុននោះទេ ៕ ដោយៈអ៊ុងសារុំ