បាត់ដំបង ៖ ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៤និង០៥នាទី នៅចំណុចក្រុមទី ០៤ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង មានករណីផ្ទុះមីនតោនដែលសេសសល់ពីសម័យសង្គ្រាម កប់នៅក្នុងដីមួយបានកេីតឡេីង ក្នុងពេលដែលជនរងគ្រោះ ឈ្មោះប៉ាត់ រិត ភេទប្រុស អាយុ៣៥ ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង កំពុងបើកបរត្រាក់ទ័ររបស់ខ្លួនម៉ាកហ្វូត ពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីចំការឱ្យឈ្មោះលុយ គឹមស៊ ភេទប្រុសអាយុ ៦៥ឆ្នាំមានទីលំនៅ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលគាត់មានដីចំការមួយកន្លែងក្នុងមូលដ្ឋានកេីតហេតុខាងលេី ។
ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យ រីឯត្រាក់ទ័រដែលបេីកបរជាន់គ្រាប់មីនតោននោះទទួលរងការខូចខាតទាំងស្រុង។
មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ចំណុចកេីតហេតុខាងលេីនេះគឺជាអតីតសមរភូមិប្រយុទ្ធ រវាងភាគីជម្លោះពីអតីតកាលហេីយនៅទីនោះក៏សម្បូរដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយនិងកប់ក្នុងដី មិនទាន់មានការបោសសំអាតអស់នៅឡេីយ។ មន្ត្រីដដែលបានបញ្ជាក់ថា នៅទីកន្លែងកេីតហេតុនេះ មានការកាប់ឆ្ការនិងភ្ជួររាស់ដីដាំដំណាំជាច្រេីនឆ្នាំកន្លងមកហេីយ ប៉ុន្តែពេលមុនៗមិនមានករណីបែបនេះកេីតឡេីងទេ ទេីបតែពេលនេះក៏ជួបឧប្បត្តិហេតុបែបនេះតែម្តង។
ក្នុងនាមអាជ្ញាធរមូលដ្ឋានក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសមូលដ្ឋានដែលជាអតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុងប្រយ័ត្នជាប់ជាប្រចាំចំពោះបញ្ហាយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះសេសសល់ពីសម័យសង្គ្រាមនេះ ព្រោះវាពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតយេីងយ៉ាងពិតប្រាកដ៕ ដោយ៖អ៊ុងសារុំ