ស្ត្រីជាម្តាយម្នាក់បង្កឲ្យមានការរិះគន់ដូចព្យុះ បន្ទាប់ពីវីដេអូមួយបានបង្ហាញឲ្យឃើញស្ត្រីរូបនោះ ដាក់កូនឲ្យអង្គុយនៅលើកន្លែងចំហគ្មានសុវត្ថិភាព នៃម៉ូតូកង់បីច្នៃរបស់ពួកគេ ខណៈបើកបរនៅលើដងផ្លូវ ។
យ៉ាងណាមិញ វីដេអូនៃហេតុការណ៍ដ៏គួរឲ្យព្រឺស្ញើបជំនួសនេះ ត្រូវថតដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Kerbz Alvarez ខណៈគាត់កំពុងធ្វើដំណើរនៅលើដងផ្លូវមួយ ក្នុងទីក្រុង San Juan, ខេត្ត Batangas ប្រទេសហ្វីលីពីន ។
Kerbz បានសរសេរថា៖ «ខ្ញុំបានថតវីដេអូនេះនៅ San Juan, Batangas ។ ម្តាយម្នាក់បានកំពុងប្រលែងលេងជាមួយកូនប្រុសតូចរបស់នាង និងសូម្បីសប្បាយក្អាកក្អាយអំពីវាយ៉ាងខ្លាំង ដោយពុំគិតថា នាងកំពុងបង្កគ្រោះថ្នាក់ដល់កូនរបស់ខ្លួនឡើយ ។ ពិតណាស់ កំហុសតូចមួយ ដែលហ៊ានធ្វេសប្រហែសតែបន្តិច នោះកូនរបស់នាងនឹងធ្លាក់ដីជាពុំខានឡើយ» ។
នៅចំណុចមួយក្នុងវីដេអូ យើងបានឃើញស្ត្រីរូបនោះសូម្បីអនុញ្ញាតឲ្យកូនរបស់នាង ឡើងឈរទៀតផង ។ ហើយក្មេងតូចនេះ ត្រូវបានឃើញទប់លំនឹងខ្លួនយ៉ាងលំបាក ខណៈម៉ូតូកំពុងចលនាយ៉ាងលឿន ។ មិនត្រឹមតែប៉ុណ្នឹងទេ ស្ត្រីរូបនេះ នៅបានអនុញ្ញាតឲ្យកូនប្រុសរបស់នាង ធ្វើអ្វីៗតាមដែលវាចង់ ខណៈនាងទាញជាយខោកូន ដើម្បី «ការពារ» វាធ្លាក់ ។
ទោះយ៉ាងណា អ្នកលេងអ៊ីនធើរណេតជាច្រើន ពិតមានការរន្ធត់ចិត្តជាខ្លាំង ចំពោះទង្វើរបស់ស្ត្រីជាម្តាយរូបនោះ ដោយរិះគន់នាងថា «មានការធ្វេសប្រហែស និង មិនទទួលខុសត្រូវ» ។ មនុស្សមួយចំនួនទៀត បានលើកឡើងថា ម្តាយរូបនេះគួរត្រូវបានទទួលខុសត្រូវចំពោះមុខច្បាប់ សម្រាប់ទង្វើអាចបង្កគ្រោះថ្នាក់ដល់កូនបែបនេះ ៕ ចន្ទី