បាត់ដំបង៖លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានស្នើសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបង បន្តសហការឲ្យបានល្អប្រសើរបន្ថែមទៀត ជាមួយនឹងមន្ត្រីជំនាញសុខាភិបាល អង្គការដៃគូរ ក្នុងការលំបំបាត់ជំងឺរលាកថ្លើមប្រភេទសេនិងបេ (C, B) ខណៈជំងឺប្រភេទនេះនៅតែបន្តធ្វើឲ្យមានការព្រួយបារម្ភនោះ។
ការលើកឡើងនេះ ក្នុងទិវាពិភពលោកជំងឺរលាកថ្លើម ២៨កក្កដា ដែលបានធ្វើឡើងនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២០។
លោកឱសថបណ្ឌិត វឿង ប៊ុនរេតប្រធានមន្ទីសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីអង្គការ MSFគឺអង្គការបានចុះទៅដល់មូលដ្ឋាន ដើម្បីស្វែងរកពលរដ្ឋមានជំងឺរលាកថ្លើម ដែលបានជួយកាត់បន្ថយនូវការចំណាយរបស់ពលរដ្ឋ រួមទាំងបានជួយព្យាបាលជំងឺប្រភេទនេះ របស់ពលរដ្ឋខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០១៨មកគឺមានជាច្រើនពាន់នាក់។ គម្រោងរបស់អង្គការនេះ បានចាប់ផ្ដើមមុនគេនៅខាងស្រុកមោងឫស្សី បន្តទៅស្រុកសង្កែ ស្រុកថ្មគោល ហើយជាជំហានបន្ទាប់នឹងធ្វើឲ្យបាននៅទូទាំងខេត្តតែម្ដង។
លោក Serge BOBI Eric តំណាងអង្គការ MSF បានមានប្រសាសន៍លើកឡើងថា ខែមីនាឆ្នាំ២០១៨ ដល់ខែមិថុនាឆ្នាំ២០២០ ការរកឃើញជំងឺរលាកថ្លើមប្រភេទសេនៅខេត្តបាត់ដំបង មានចំនួន ៣៦៥៣នាក់។ អ្នកបានព្យាបាលចំនួន ៣៥៥០នាក់និងមានអ្នកបោះបង់ការព្យាបាលស្លាប់ និងការរំខានដោយថ្នាំអំឡុងព្យាបាលមានចំនួន ១ភាគរយនិងអត្រាព្យាបាលជោគជ័យរហូតដល់ ៩៧ភាគរយ ក្រោយបូមឈាម និងក្រោយការព្យាបាល។
លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីជំនាញសុខាភិបាល និងអង្គការដៃគូ បន្តជួយធ្វើការស្វែងរកអ្នកមានជំងឺរលាកថ្លើម ព្យាបាលពួកគេឲ្យបានជាសះស្បើយ និងខិតខំធ្វើឲ្យបានតាមគោលបំណងរបស់អង្គការសុខភាពពិភពលោក ក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេនិងប្រភេទសេ ត្រឹមឆ្នាំ២០៣០ខាងមុខ។
លោកអភិបាលរងខេត្ត ក៏បានសន្យាបន្តសហការនិងជំរុញឲ្យអាជ្ញាធរគ្រប់ក្រុងស្រុក សហការសម្របសម្រួល លើការងារនេះ ឲ្យកាន់តែល្អប្រសើរ ស្របតាមសំណើរបស់មន្ត្រីជំនាញសុខាភិបាល៕ ដោយ៖អ៊ុងសារុំ