បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងនិងមន្ទីរបរិស្ថាននិងក្រុមហ៊ុន អេស ប៊ី ខេ(SBK) បានគ្រោងបង្កើតទីលានគ្រប់គ្រងនូវសំណល់រឹងលើផ្ទៃដីដែលបានគ្រោងទុកប្រមាណជាង ២០ហិកតា ដើម្បីធ្វើការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង នៃអនុគម្រោងបង្កើតទីលានគ្រប់គ្រងសំណល់រឹង នៅក្រុងបាត់ដំបង។
ការលើកឡើងនេះ ក្នុងកិច្ចប្រជុំជាមួយនិងស្ថាប័ន អង្គភាពនិងបណ្តាអន្តរមន្ទីរពាក់ព័ន្ធ ជាពិសេសជាមួយ និងក្រុមហ៊ុន អេស ប៊ី ខេ ដើម្បីធ្វើការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនៃអនុគម្រោងបង្កើតទីលានគ្រប់គ្រងសំណល់រឹង ក្រុងបាត់ដំបង ដែលបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
លោកស្រី ដាវ សុគន្ធាតំណាងឲ្យក្រុមហ៊ុនSBK និងជាអ្នកវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន បានបញ្ជាក់ថាអនុគម្រោងបង្កើតទីលានគ្រប់គ្រងសំណល់រឹងថ្មី របស់ក្រុងបាត់ដំបងនេះ គឺស្ថិតនៅក្នុងអនុគម្រោងមួយក្នុងចំណោមអនុគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលប្រាក់កម្ចីពីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានទំហំផ្ទៃដីសរុប ២០,៨០ហិកតា ហើយម្ចាស់គម្រោងអនុវត្ត គឺក្រសួងសាធារណការនិងដឹកជញ្ជូន។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងនិងជាប្រធានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីធ្វើការសិក្សាពីផលប៉ះពាល់របស់គម្រោងមុនការសម្រេចដល់ការអនុវត្តនូវគម្រោងនេះ បានមានប្រសាសន៍និងសំណូមពរដោយជំរុញឲ្យគ្រប់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធដែលចូលរួម ជួយធ្វើការផ្តល់ជាមតិនិងពិនិត្យឲ្យបានជាក់លាក់ទៅលើគម្រោងនេះពីហេតុផលប៉ះពាល់ក្នុងការអនុវត្តនូវគម្រោងនេះ ដើម្បីឲ្យម្ចាស់គម្រោងបានធ្វើការសិក្សាបន្ថែមនិងត្រូវបំភ្លឺឡើងវិញពីចំណុចវិជ្ជមាននិងអវិជ្ជមានទៅថ្ងៃអនាគត មុននិងគម្រោងនេះ ត្រូវបានអនុវត្ត។
លោក ជា វង្សណារិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងជាអ្នកសម្របសម្រួលឲ្យមានកិច្ចប្រជុំវាយតម្លៃ ពីហេតុផលប៉ះពាល់បរិស្ថាននិងសង្គមដំបូង និងពីការធ្វើបទបង្ហាញលក្ខណ្ឌការងាររបស់អនុគម្រោង ដើម្បីបង្កើតនូវទីលានគ្រប់គ្រងសំណល់រឹងក្រុងបាត់ដំបងនៃគម្រោងការគ្រប់គ្រងបរិស្ថានក្រុង នៅជុំវិញបឹងទន្លេសាបជំហានទី២នេះ បានបញ្ជាក់ថាទីលានគ្រប់គ្រងសំណល់រឹងក្រុងបាត់ដំបងថ្មីនេះ ជាប្រភេទទីលានគ្រប់គ្រងសំណល់រឹងដែលមានការគិតគូរច្បាស់លាស់ពីការបែងចែកសំណល់រឹង ការគ្រប់គ្រងទឹកស្អុយ ចេញពីសំណល់និងគិតគូរពីប្រព័ន្ធលូបង្ហូរ ហើយគម្រោងនេះនឹងត្រូវរចនាឡើង សម្រាប់ប្រតិបត្តិការរយៈពេលរហូតដល់ទៅ២០ឆ្នាំ។
លោកស្រី ដាវ សុគន្ធាតំណាងក្រុមហ៊ុន SBKនិងជាអ្នកវាយតម្លៃពីហេតុផលប៉ះពាល់បរិស្ថាន បានធ្វើការអះអាងថាផលប្រយោជន៍ពីសកម្មភាពគម្រោងនេះ គឺនឹងធ្វើឲ្យមានការទុកដាក់សំណល់រឹង កាន់តែបានល្អនិងប្រសើរជាងមុន នឹងជួយទប់ស្កាត់នូវការចោលសំណល់ពាសវាលពាសកាល តាមដងផ្លូវនឹងទីកន្លែងកំសាន្តផ្សេងៗ។ល។ ប្រជាពលរដ្ឋក្នុងភូមិឃុំ អាចនិងមានការយល់ដឹងកាន់តែបានច្រើនជាងមុន ចំពោះការទុកដាក់សំណល់ ហើយបរិកាសលំហបរិស្ថានក្នុងក្រុងនិងខេត្តទាំងមូល បានកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម អ៊ុយ សុធាវីអភិបាលរងខេត្តនិងជាប្រធានដឹកនាំកិច្ចប្រជុំវាយតម្លៃ ពីហេតុផលប៉ះពាល់បរិស្ថាន បានមានប្រសាសន៍និងសំណូមពរទៅកាន់ក្រសួងជាម្ចាស់គម្រោងផ្ទាល់ នៅពេលអនុវត្តគម្រោងរបស់ខ្លួនសូមធ្វើការគ្រប់គ្រងសំណល់ ទៅតាមស្តង់ដារឲ្យបានត្រឹមត្រូវ។ អ្វីដែលកិច្ចប្រជុំបានវាយតម្លៃហើយនោះ ម្ចាស់គម្រោងត្រូវធ្វើការកែសម្រួល ឲ្យបានសមស្របក្នុងការឆ្លើយតបឲ្យបានត្រឹមត្រូវហ្មត់ចត់ មុននិងអនុវត្តគម្រោង៕ ដោយ៖អ៊ុងសារុំ