Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ កុំ​ជឿ​លើ​ការ​ញុះញង់​ពី​សំណាក់​ជនខិលខូច ឲ្យ​ទៅ​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ​ឬ​ដីព្រៃ​ភ្នំ ដើម្បី​ឲ្យ​រដ្ឋាភិបាល ផ្ដល់​កម្មសិទ្ធិ​ស្របច្បាប់​

​បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​បញ្ជាក់ថា ការធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដី គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​សម្រាប់​ប្រជាពលរដ្ឋ មុននឹង​ឈានទៅ​ធ្វើការ​វាស់វែង​ក្បាលដី និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ។​

​ការលើកឡើង​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​ឯកឧត្តម និង​ក្រុមការងារ​អមដំណើរ​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន ឯកឧត្តម ជា សំអាង ចុះ​ផ្សព្វផ្សាយ​អំពី​ការធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស​និង​អត្តសញ្ញាណ​កម្ម​ដី មុន​ធ្វើការ​វាស់វែង​ក្បាលដី និង​ការផ្តល់​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​ភូមិ​ភ្នំ​រ៉ៃ ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​ឯកឧត្តម​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ពន្យល់​អំពី​ច្បាប់​នានា ទាក់ទង​មុននឹង​ធ្វើការ​វាស់វែង​ក្បាលដី និង​ការផ្តល់​ប្លង់​កម្មសិទ្ធិ គឺ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដី​ដោយ​ឱ្យ​ពួកគាត់ បំពេញ​សាលា​ប​ត្រ​ព័ត៌មាន ដោយ​ខ្លួនឯង ដែល​បាន​ផ្តល់ឱ្យ​ដោយ​ក្រុមការងារ​ថ្នាក់​ខេត្ត ជា​ទម្រង់​មួយ ដើម្បីឱ្យ​ពួកគាត់​ធ្វើ​បំពេញ​ដោយ​ខ្លួនឯង នូវ​ទិន្នន័យ​ឬ​ព័ត៌មាន​រៀងៗ​ខ្លួន អំពី​ទំហំ​ដី​និង​ទីតាំង​ដី​ជាក់លាក់ ដែល​ខ្លួន​កំពុង​រស់នៅ​។ ការចុះបញ្ជី​ដីធ្លី​នេះ គឺ​ពិត​ជាមាន​សារសំខាន់​បំផុត​សម្រាប់​ដី​លំនៅដ្ឋាន ដីចំការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានកម្ម​សិទ្ធិ​ស្របច្បាប់ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព ក្នុងការ​កាន់កាប់​ដីធ្លី​របស់ខ្លួន និង​មាន​សិទ្ធិ​ពេញលេញ​ច្បាស់លាស់ ក្នុងការ​គ្រប់គ្រង​ដី​ដែល​ខ្លួន​អាស្រ័យ​ផល ជៀសវាង​មានការ​រំលោភបំពាន​ពី​ជន​ទាំង​
​ឡាយ​ណា​ព្យាយាម​ប៉ុនប៉ង​រំលោភ​កម្មសិទ្ធិ​ដីធ្លី​របស់​ពួកគាត់​។ ដី​សហគមន៍ គឺជា​ដី​សមូហភាព ដោយ​មិនមែនជា​ដី កម្មសិទ្ធិ​របស់​អ្នកណាម្នាក់​ឡើយ ដូចនេះ​យើង​មិនអាច​ធ្វើការ​ចុះបញ្ជី​ដី​សហគមន៍ ឬ​ដី​សមូហ​ភាពជា​របស់​ជ​ន​ណា​ម្នាក់ ដើម្បី​ផលប្រយោជន៍​របស់​បុគ្គ​ល​ណា​ម្នាក់​ឡើយ ពោលគឺ​ដី​សហគមន៍​ជា​ដី​បម្រើ​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​។​

​ឯកឧត្តម​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ជឿ​លើ​ការ​ញុះញង់​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន ឲ្យ​ទៅ​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ​ឬ​ដីព្រៃ​ភ្នំ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​នោះ​។ ទោះបីជា​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ទន្ទ្រាន​ដីព្រៃ ក៏​រដ្ឋ​មាន​វិធានការ​តឹង​រ៉ឺ​ង ដោយ​ពិនិត្យមើល​តាមរយៈ​ផ្កាយរណប ដោយ​មិនមាន​នរណា​អាច​ប្រកែក​បានឡើយ​។​

​ឯកឧត្តម​ជា សំអាង រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​ចាត់ទុកថា នេះ​គឺជា​ការធ្វើ​ស្វ័យ​ប្រកាស​អំពី​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដី ឲ្យ​បាន​ជាក់លាក់​ពិតប្រាកដ មានន័យថា ព័ត៌មាន​ដែល​បានប្រកាស​នេះ គឺជា​ព័ត៌មាន​ពិត មិន​ក្លែងក្លាយ ដែល​ត្រូវ​ទទួល​ដឹងឮ​ពី​មេភូមិ​ឬ​អនុ​ភូមិ ហើយ​បើ​មេភូមិ​ត្រួត​ពិនិត្យឃើញថា ប្រជាពលរដ្ឋ​មានការ​ស្រពេចស្រពិល សូមជួយ​ណែរ​នាំ​គាត់ ដើម្បី​ធ្វើ​ឲ្យ​បានច្បាស់លាស់ បើ​ព័ត៌មាន​នេះ​មិន​ពិត​ឬ​ក្លែងក្លាយ យកមកប្រើ​ប្រាស់​មិនកើត​។ បើ​ប្រើការ​មិនកើត​វា​បាត់បង់​ផលប្រយោជន៍ អ្នកធ្វើ​ស្វ័យ​ប្រកាស​នោះ​តែម្តង ។ ការធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដី ត្រូវតែមាន​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ លិខិតបញ្ជាក់​អាពាហ៍ពិពាហ៍ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ទាំងអស់នេះ គឺ​ឯកសារ​សំខាន់​សម្រាប់​ធានា បាន​នូវ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ៕ ដោយ​៖​អ៊ុង​សា​រុំ​

×