ខេត្តស្វាយរៀង ៖ លោកអភិបាលខេត្តស្វាយរៀង បានចាត់ទុកថា មន្ត្រីចូលនិវត្តន៍ទាំងអស់ គឺជាធនធានមន្ត្រី ដែលសុទ្ធតែមានជំនាញបទពិសោធច្បាស់លាស់ក្នុងស្នាដៃ នៃការបំពេញការងារ បំរើជាតិ និងប្រជាជនចាប់តាំងពីផ្ដើមដំបូង រហូតមកដល់បច្ចុប្បន្ននេះ ស្របតាមលទ្ធភាពដែលខ្លួនបានរួមចំណែក ពង្រឹងស្ថាប័ន ដែលជាស្ថាប័នមួយបានផ្ដល់សេវាជាច្រើនជូនប្រជាពលរដ្ឋ នៅក្នុងខេត្តខេត្តស្វាយរៀង។
លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងជួបសំណេះសំណាលជាមួយមន្ត្រីនិវត្តជន នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងពិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការខិតខំប្រឹងប្រែងដឹកនាំបំពេញ ការងាររបស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តស្វាយរៀង រួមទាំងការអភិវឌ្ឍ ទីកន្លែងការងាររដ្ឋបាលរបស់ខ្លួន មានជាអាទិ៍ អគាររដ្ឋបាលថ្មីដែលបានសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះជាដើម ក្នុងនោះរួមមានការដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធ និងវិស័យដីធ្លីផងដែរ ។
ជាមួយនេះ លោកអភិបាលខេត្តបានជម្រុញលើកទឹកចិត្តដល់មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបន្តការរៀបចំឲ្យមានការជួបជុំសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តយ៉ាងហោចណាស់អោយបានពីរ ទៅបីដងក្នុងមួយឆ្នាំ ដើម្បីបង្កើតនូវភាពស្និទស្នាល ក៏ដូចជាការដឹងពីសុខទុក្ខ ឬ ក្ដីកង្វល់ បញ្ហាប្រឈមណាមួយរបស់មន្ត្រីចូលនិវត្តន៍ទាំងអស់ដែលពួកគាត់សុទ្ធតែជាអ្នកជំនាញ ធ្លាប់មានបទពិសោធន៍សម្រាប់អ្នកជនក្រោយក៏ដូចជាបច្ចុប្បន្ន។
ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង លោកអភិបាលខេត្ត ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្ត្រីចូលនិវត្តន៍ទាំង១៥រូប របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តស្វាយរៀង ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ ក្ដីកង្វល់ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។
លោកបានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ ក៏ដើម្បីបង្ហាញអំពីការវិវត្តន៍ជារួមនូវគោលនយោបាយរបស់ប្រទេសជាតិ និងការវិវឌ្ឍរបស់មន្ទីរក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ថាតើបានដំណើរការដល់កម្រិតណា ជារួមយើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ និងដឹកនាំប្រទេសឱ្យមានសុខសន្ដិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ។
លោកអភិបាលខេត្តបានបន្ថែមថា ដោយសារស្ថិរភាពនេះហើយ បានធ្វើឱ្យរាជរដ្ឋាភិបាល មានការជំរុញអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ច ដែលចាត់ទុកថាកំណើនសេដ្ឋកិច្ចនេះ បានផ្តល់លទ្ធភាពអាចបង្កើនប្រាក់ចូលនិវត្តន៍ ដល់និវត្តជនទាំងអស់ និងអាចបែងចែកទៅលើការងារអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាវិស័យផ្សេងៗទៀតផង ៕ដោយ៖វ៉ៃកូ