ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ ១៩ មានប្រមាណ ១០ម៉ឺន៣ពាន់នាក់ ក្នុងនោះប្រមាណ៤៥ភាគរយ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា បញ្ហាទេសន្តប្រវេសន៍តែងតែមានភាពប្រឈមតិច ឬច្រើន ហើយក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ ១៩នេះ ការធ្វើទេសន្តរប្រវេសន៍រឹតតែប្រឈមខ្លាំង ហើយក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈពេលវែង ហេតុដូចនេះ កិច្ចការពារពលករ ទាំងនៅក្នុងប្រទេសកំណើត និងប្រទេសគោលដៅនានាដែលពលករបានធ្វើទេសន្តរប្រវេសន៍ គឺជាភារកិច្ចចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់។ នេះបើតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ជនទេសន្តរប្រវេសន៍ដែលតែងទទួលរងនូវភាពប្រឈមពីការធ្វើទេសន្តរប្រវេសន៍ ជាអ្នកស្វែងរកការងារ ឬជាជនភៀសខ្លួនពីតំបន់មានគ្រោះអាសន្នជាដើម ហើយបើតាមការស្រាវជ្រាវនៅទូទាំងពិភពលោក ជនទេសន្តរប្រវេសន៍ភាគច្រើន ដែលស្ថិតក្នុងស្ថានភាពលំបាក និងរងគ្រោះ ភាគច្រើនជាអ្នកដែលគ្មានជំនាញ និងចាកចេញពីប្រទេសដោយមិនស្របច្បាប់។ សម្ដេចបានបន្ថែមថា ជនទេសន្តរប្រវេសន៍ដែលប្រថុយប្រថានចាកចេញ ដោយខ្វះកិច្ចការពារពីប្រព័ន្ធច្បាប់ តែងត្រូវបានជនឆ្លៀតឱកាស កេងប្រវ័ញ្ចយកផលចំណេញពីស្ថានភាពទ័លច្រករបស់អ្នកទាំងនោះ ដោយធ្វើការជួញដូរមនុស្ស រំលោភបំពាន កេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ តាមបែបទាសភាព ធ្វើឲ្យធ្លាក់ខ្លួនជរា ពិការ វង្វេងស្មារតី បាត់បង់ភាពជាមនុស្ស ឬរហូតដល់បាត់បង់ជីវិតផងដែរ។
ជាងនេះទៀត សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យបញ្ហាទេសន្តរប្រវេសន៍រឹតតែប្រឈមខ្លាំង និងបានឲ្យប្រទេសដែលទទួលពលករ ក៏ប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញឲ្យដំណើរការនៃរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់។ សម្ដេចក្រឡាហោម បានបន្ថែមថា ក្នុងអំឡុងពេលដែលប្រទេសគោលដៅមានការរឹតបន្តឹង និងបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ព្រមជាមួយគ្នានោះ ប្រទេសកម្ពុជាបាននិងកំពុងទទួលសង្គ្រោះពលករ ដែលវិលត្រឡប់មកវិញដោយគេចវេះពីស្ថានភាពលំបាកក្នុងប្រទេសគោលដៅ និងព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ។
វិស័យសំខាន់ៗចំនួន៤ ពាក់ព័ន្ធនឹងបញ្ហាទេសន្តរប្រវេសន៍ ដែលក្រសួងមហាផ្ទៃ រួមជាមួយតំណាងពីអន្តរក្រសួង នឹងយកមកពិភាក្សា ដើម្បីរៀបចំដាក់បញ្ចូលនូវគោលបំណងរួមដែលជាលទ្ធផល ទៅក្នុងផែនការសកម្មភាពឆ្នាំបន្តបន្ទាប់ ក្នុងការធានាថា ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាជនកម្ពុជា ទៅប្រទេសគោលដៅទាំងឡាយ ក៏ដូចជា ជនទេសន្តរប្រវេសន៍ដែលមកពីប្រទេសក្រៅចូលក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។
សម្រាប់វិស័យទាំង៤ ពាក់ព័ន្ធនឹងបញ្ហាទេសន្តរប្រវេសន៍ ដែលសម្តេចក្រឡាហោម បានលើកឡើងរួមមាន៖
១.ការការពារជនទេសន្តរប្រវេសន្ត៖ ទាំងជនទេសន្តរប្រវេសន្តប្រក្រតី និងជនទេសន្តរប្រវេសន្តមិនប្រក្រតី ទាំងអ្នកដែលមានគម្រោង ចាកចេញទៅធ្វើការក្រៅប្រទេស ទាំងអ្នកដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ទាំងអ្នកវិលត្រឡប់មកវិញ។
២.ការគ្រប់គ្រងទិន្នន័យ៖ ការរៀបចំប្រព័ន្ធទិន្នន័យសម្រាប់កត់ត្រា និងគ្រប់គ្រងឲ្យបានជាក់លាក់ នូវទិន្នន័យ ជនទេសន្តរប្រវេសន៍ទាំងប្រក្រតី និងមិនប្រក្រតី ដើម្បីងាយស្រួលក្នុងការដាក់វិធានការឆ្លើយតបទៅនឹងស្ថានភាពនានា ដែលជាភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
៣.ការគាំទ្រដំណើរការ នៃការវិលត្រឡប់ និងការធ្វើសមាហរណកម្មជនទេសន្តរប្រវេសន៍៖ ត្រូវការរៀបចំគោលនយោបាយ វិធានការ និងនីតិវិធីជាក់លាក់ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ ដើម្បីទទួលបានទិន្នន័យ លក្ខខណ្ឌនៃការបញ្ជូន វិធីបញ្ជូន ជាពិសេស ការកំណត់វិធានការការពារស្ត្រី និងកុមារ ដែលសង្ស័យថារងគ្រោះ ជាពិសេសដោយអំពើជួញដូរមនុស្ស។
៤.ការកំណត់ និងការផ្តល់អត្តសញ្ញាណដោយស្របច្បាប់ ជាពិសេសសម្រាប់កូនរបស់ជនទេសន្តរប្រវេសន៍កម្ពុជា ដែលបានកើតនៅក្រៅប្រទេសកម្ពុជា៕ ដោយ៖កូឡាប