Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​បន្ត​ការអប់រំ​ផ្សព្វផ្សាយ អំពី​វិធានការ​ទប់ស្កាត់ និង​ការការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ ដូច​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​

​បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​ខេត្តបាត់ដំបង និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាតក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ផ្តាំផ្ញើ​សមាជិក សមាជិក​គណៈកម្មាធិកា​រ ក្រុម​ប្រតិបត្តិ​សាខា សូម​បន្ត​ការអប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់ និង​ការការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ ដូច​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ការលើកឡើង​នេះ ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​ខេត្តបាត់ដំបង និង​ជា​អនុប្រធាន​កិត្តិយស​សាខា ឯកឧត្ដម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​មាន​ពី មន្ត្រី​កាកបាទក្រហមកម្ពុជា សមាជិក សមាជិកា គណៈកម្មាធិការ​សាខា និង​ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន​៣១​រូប​។​

​ឯកឧត្ដម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នៅក្នុង​ឆមាស​ទី​១​ឆ្នាំ ២០២០​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​សម្រេចបាន ក្នុង​វិស័យ​ស្នូល​ទាំង​៤ ក្នុងនោះ​រួមមាន ទី​១.​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ទី ២.​ការងារ​សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍ ទី ៣.​ការងារ​លើកកម្ពស់ គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ និង​ទី ៤ ការអភិវឌ្ឍ​ស្ថាប័ន​និង​អភិវឌ្ឍន៍​ធនធាន ដែល​លទ្ធផល​ទាំងនេះ បាន​ឆ្លើយតប​គ្រោះមហន្តរាយ ហើយ​លទ្ធផល​ល្អប្រសើរ ក្នុងនោះ​បានផ្ដល់​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​សរុប​បាន​ចំនួន​២.២០២ គ្រួសារ ( កើន​២៦២​គ្រួសារ ប្រៀបធៀប​ឆ្នាំ​២០១៩)​។ ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ស​ម្តេច​បាន តាមដាន​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ រង​ទុក្ខ​ដោយ​មិនមាន​ការជួយជ្រោមជ្រែង​ពី​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី ខេត្ត​ឡើយ​។​

ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​ខេត្តបាត់ដំបង និង​ជា​អនុប្រធាន​កិត្តិយស​សាខា បាន​ថ្លែង​កោតសរសើរ ដល់ ឯកឧត្តម​លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការ​សាខា អនុសាខា​ក្រុង ស្រុក និង​ក្រុម​ប្រតិបត្តិ មានការ​សហការ​ល្អ ក្នុងការ​អនុវត្តន៍​តួនាទី​ភារកិច្ច​ទទួលបាន​លទ្ធ​ផល​ល្អ និង​បន្ត​ខំប្រឹង​បន្ថែម ដើម្បី​ឲ្យ​សាខា​កាកបាទក្រហម​ខេត្ត មានការ​រីកចម្រើន​ទៅមុខ និង​បន្ត​កៀរគរ​សប្បុរស​ជនជាតិ អន្តរជាតិ ក្រុមហ៊ុន​ឯកជន មន្ត្រីរាជការ ដើម្បី​ចូលរួម​ជា​វិភាគទាន​ទ្រទ្រង់ គាំទ្រ​សកម្មភាព​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ក្នុងការ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដែល​កំពុង​ជួប​នូវ​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ជួប​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​ក្នុងស្ថានភាព​ដែល​ពិភពលោក​ក៏ដូចជា កម្ពុជា​យើង​ជួប​វិបត្តិ​នូវ​ជំងឺ​កូ​វីដ​១៩ ទាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​សាខា​កាកបាទក្រហម គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត តែង​បានរួម​សហការគ្នា​ល្អ ជាមួយ​អាជ្ញាធរ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយបាន​ដោះស្រាយ​ការខ្វះខាត ជូន​ប្រជាពលរដ្ឋ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ក្នុង​សហគមន៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម​ងួន រតនៈ អនុប្រធាន​កិត្តិយស បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា សប្បុរជន​គ្រប់​មជ្ឈដ្ឋាន ដែល​កន្លងមក​តែង​បាន​ជួយឧបត្ថម្ភ​គាំទ្រ ដល់​សាខា​កាកបាទក្រហម​ខេត្ត ជា​ថវិកា​ក្តី ជា​សម្ភារ​ក្តី ក្នុងការ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ខ្វះខាត​នៅ​មូលដ្ឋាន​។ ឯកឧត្តម បាន​មានមតិ​ផ្តាំផ្ញើ​សមាជិក សមាជិក​គណៈកម្មាធិកា​រ ក្រុម​ប្រតិបត្តិ​សាខា សូម​បន្ត​ការអប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់ និង​ការការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ ដូច​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ក្នុង​កិច្ចប្រជុំ​ក៏បាន​ដាក់​ទិសដៅ​បន្ត ជំរុញ​ការងារ​អភិវឌ្ឍន៍​សាខា និង​អនុសាខា​ដែល​ក្នុងនោះ គឺ​សកម្មភាព​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការងាររដ្ឋបាល​និង​ហិរញ្ញកិច្ច ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ និង​ការពិនិត្យ​តាមដាន​វាយតម្លៃ របាយការណ៍ របស់​អនុសាខា ដោយមាន​ផែនការ​សកម្មភាព​មួយ​ជាក់លាក់ និង​សាខា​មាន​ប្រព័ន្ធ​ពិនិត្យ​តាមដាន​វាយតម្លៃ និង​របាយការណ៍​ដែលមាន​ប្រសិទ្ធភាព​និង​ទៀងទាត់​៕ ដោយ​៖​អ៊ុង​សា​រុំ​

 

×