ភ្នំពេញ៖ សមាគមអាដហុកក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព រួមគ្នាចេញផ្សាយរបាយការណ៍សេរីភាពមូលដ្ឋាន ឆ្នាំទី៤ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថាការចេញរបាយការណ៍របស់អង្គការទាំង៣នេះ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងទាំងស្រុងនោះទេដោយដកស្រង់យកតែទស្សនមួយជ្រុងនិងជួបសម្ភាសន៍ជាមួយមនុស្សមួយក្រុមនិងអង្គការមួយចំនួនដែលជាបក្សពួករបស់ខ្លួននិងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួមនិងធាតុចូលពីតំណាងរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ខែកក្កដានេះ បានថ្លែងសារថា បើផ្អែកលើទស្សនទាននៃសិទ្ធិមនុស្ស និងវិធីសាស្ត្រនៃការស្រាវជ្រាវដែលមានលក្ខណជាវិទ្យាសាស្ត្រ ការចេញរបាយការណ៍របស់អង្គការទាំង៣នេះ មិនមានលក្ខណគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងទាំងស្រុងនោះទេ៑។
លោកបន្តថា ដោយហេតុថា៖
១. របាយការណ៍នេះ គ្រាន់តែធ្វើការប្រមូល បូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុនិងមូលដ្ឋានលម្អិតដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។
២. ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវីលដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាននិងចោទប្រកាន់ថាជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើនិងធ្វើការពិចារណារទៅទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើតជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ។
៣. ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនមួយជ្រុងនិងជួបសម្ភាសន៍ជាមួយមនុស្សមួយក្រុមនិងអង្គការមួយចំនួនដែលជាបក្សពួករបស់ខ្លួននិងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួមនិងធាតុចូលពីតំណាងរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធដទៃទៀតដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងកាសន្និដ្ឋានក្នុងរបាយការណ៍នេះ មិនមានលក្ខណជាវិទ្យាសាស្ត្រ មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាន។
៤. ការចេញរបាយការណ៍មិនគ្រប់ជ្រុងជ្រោយ លម្អៀង និងមានគោលដៅវាយប្រហាររដ្ឋាភិបាលបែបនេះ អាចនឹងនាំឱ្យមានគ្រោះថ្នាក់និងអស្ថេរភាពក្នុងសង្គម ព្រោះថារបាយការណ៍នេះហាក់ដូចជាការពារនិងលើកទឹកចិត្តដល់ក្រុមប្រឆាំងដែលតែងតែធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដែលរៀបចំ ឧបត្ថម្ភ និងគាំទ្រដោយចលនានិងអង្គការចាត់តាំងខុសច្បាប់នៅខាងក្រៅ ឱ្យកាន់តែធ្វើសកម្មភាពបន្ថែមទៀត ដោយមិនខ្លាចច្បាប់ និងសមត្ថកិច្ច បង្កភាពចលាចលក្នុងសង្គម ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតានយោបាយរបស់ខ្លួន ហើយដែលនេះមិនមែនជាការអនុវត្តន៍នូវសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ។ តែផ្ទុយទៅវិញ របាយការណ៍របស់អង្គការទាំងនេះ គួរតែធ្វើការអប់រំនិងណែនាំក្រុមដែលបំពានច្បាប់ទាំងនោះឱ្យគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ មិនបំពានសិទ្ធិសេរីភាពអ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខសង្គមនិងសណ្តាប់ឆ្នាប់សាធារណៈ ដែលអាចនាំឱ្យពួកគេប្រឈមនិងទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។
៥. នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ជាគោលការណ៍ សិទ្ធិមនុស្ស “Human Rights” ត្រូវតែគោរព និងការពារ តែបើមនុស្សប្រព្រឹត្តកំហុស “ Human Wrong” ត្រូវតែប្រឈម និងទទួលខុសត្រូវតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សមាគមអាដហុក (ADHOC) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) បានសហការប្រារព្ធពិធីចេញផ្សាយរបាយការណ៍ឃ្លាំមើល លើសេរីភាពមូលដ្ឋាន ឆ្នាំទី៤ នៅសាលប្រជុំ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ។ គម្រោងឃ្លាំមើលសេរីភាពជាមូលដ្ឋាននេះ គឺជាផ្តួចផ្តើមរួមគ្នាអង្គការទាំង៣ ខាងលើ ដោយបានសហការគ្នាប្រមូលទិន្នន័យ និងចងក្រងជារបាយការណ៍ លើសេរីភាពមូលដ្ឋាន ដែលមាន សេរីភាពជួបប្រជុំ សេរីភាពខាងសមាគម និងសេរីភាពបញ្ចេញមតិ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលពីអង្គការជាតិ អន្តរជាតិ ម្ចាស់ជំនួយ និងតំណាងស្ថានទូតនានា មួយចំនួន ប្រចាំប្រទេសកម្ពុជា ។ ព័ត៌មានដែលមានក្នុងរបាយការណ៍នេះ ត្រូវបានចងក្រងឡើងដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យ ដែលមានកត់ត្រាជាលក្ខណៈប្រព័ន្ធទៅលើប្រភពទិន្នន័យ ទាំងបរិមាណ និងគុណភាព ។ ឆ្នាំទី៤នេះ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានវិភាគលើអត្ថបទនៃសារព័ត៌មានសរុបចំនួន ១១៩៤ និងរាយការណ៍ពីហេតុការណ៍ចំនួន ១១៩ បានធ្វើការស្ទង់មតិសាធារណៈ (ទទួលបានអ្នកឆ្លើយតបសរុបចំនួន ៧៧៩ នាក់) បានធ្វើការស្ទង់មតិជាមួយថ្នាក់ដឹកនាំអង្គការសង្គមស៊ិវិល និងសហជីព (ទទួលបានអ្នកឆ្លើយតបសរុបចំនួន ១៤២ នាក់) ព្រមទាំងបានធ្វើការវិភាគលើក្របខ័ណ្ឌច្បាប់កម្ពុជាដែលទាក់ទិននឹងសេរីភាពមូលដ្ឋាន ។ លំហក្នុងការអនុវត្តន៍សេរីភាពមូលដ្ឋាន នៅតែបន្តរងការរឹតត្បិត ជាក់ស្តែងរបាយការណ៍ឆ្នាំទី៤នេះ រួមមាន ការបន្តបង្ក្រាបលើអ្នកមានទស្សនៈនយោបាយផ្ទុយ បំបិតនូវការបញ្ចេញមតិដែលធ្វើឱ្យបរិយាកាសនៃការបញ្ចេញមតិនេះមានការរិតត្បិតលើសេរីភាពខ្លួនឯង ការអនុវត្តន៍ច្បាប់ព្រហ្មទណ្ឌ ពោលគឺបទបរិហារកេរ្តិ៍ បទរួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទក្លែងបន្លំព័ត៌មាន និងការថយចុះការយល់ដឹងរបស់សាធារណជនចំពោះសេរីភាពមូលដ្ឋាន ៕ ដោយ៖កូឡាប