ភ្នំពេញ៖ យុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ ចំនួន៨០ បានចេញសេចក្តីថ្លែងការណ៍រួម សូមអំពាវនាវ សូមឱ្យដកសិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី និងដាក់កោះកុងក្រៅទាំងមូលជាតំបន់អភិរក្សធនធានធម្មជាតិ និងដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ដើម្បីធានាថាធនធានធម្មជាតិទាំងអស់ ។
សេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០បានឲ្យដឹងថា យុវជន ក្រុមសង្គមស៊ីវិល និងសហគមន៍ចំនួន៨០ មានការ ព្រួយបារម្ភចំពោះ អភិវឌ្ឍន៍កោះកុងក្រៅទាំងមូលទៅរបស់ ក្រុមហ៊ុន កោះកុង អេស អឺ ផ្សិត ខូអិលធីឌី (KOH KONG SE ZCO., LTD.) ដែលជារបស់លោក ឧកញ៉ា លី យ៉ុងផាត់។ ការផ្តល់សិទ្ធិឱ្យទៅក្រុមហ៊ុនមួយនេះដើម្បីអភិវឌ្ឍន៍ កោះកុងក្រៅ និងអាចផ្តល់ជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិនៅលើកោះនិងជីវៈចម្រុះ ក្នុងសមុទ្រ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ ការបង្ហូរទឹក កខ្វក់ចូលសមុទ្រ ការបាត់បង់សោភ័ណភាពធម្មជាតិនៃកោះ និងការបាត់បង់ប្រយោជន៍សម្រាប់ប្រជា ជនខ្មែរទាំងមូល ។ល។
ក្រុមយុវជន មានក្តីបារម្ភចំពោះគោលបំណងក្នុងការផ្តល់សិទ្ធិអភិវឌ្ឍន៍កោះនេះ ទៅឱ្យបុគ្គល ឬក្រុមហ៊ុនឯកជន និងសូមអំពាវនាវឱ្យរាជរដ្ឋាភិបាល សូមដកសិទ្ធិអភិឌ្ឍន៍កោះកុងក្រៅ ទាំងមូលពីក្រុមហ៊ុន កោះកុង អេស អឺហ្សុត ខូអិលធីឌី (KOH KONG S EZ CO, LTD.) ដើម្បីទុកជា ប្រយោជន៍សាធារណជន និងអភិរក្សធនធានជីវចម្រុះទាំងក្នុងសមុទ្រនិងលើដីកោះ ។
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញលិខិតលេខ ៧២២ ស.ជ.ណដែល បានបញ្ជាក់ពីគម្រោងដាក់កោះកុងក្រៅជាតំបន់ការពារ ឬជា ឧទ្យានជាតិសមុទ្រ” នៅឆ្នាំ២០២១ បន្ទាប់ ពីធ្វើការសិក្សាស្រាវជ្រាវចងក្រងឯកសារចាប់តាំងពីឆ្នាំ២០១៦ ដោយមើលឃើញពីសក្តានុពលដ៏សម្បូរបែបផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ ហើយនិងឆ្នេរខ្សាច់ល្អស្អាត ។ មិនខុសពីក្រសួងបរិស្ថាន ប៉ុន្មានទេ រយៈពេលមួយឆ្នាំមកនេះ ដោយសារតែមើលឃើញពីសក្តានុពលដ៏ច្រើនរបស់កោះមួយនេះរួម មាន ទឹកធ្លាក់ពីលើភ្នំជាច្រើនកន្លែង ព្រៃឈើក្រាស់ឃឹក សត្វព្រៃ សត្វសមុទ្រ ផ្កាថ្ម ឆ្នេរសមុទ្រស្រស់ ស្អាតចំនួន ៦កន្លែង ជីវចម្រុះ និងប្រភេទសត្វជិតផុតពូជមួយចំនួន ។ល។ ក្រុមយុវជនបានធ្វើវីដេអូ និង យុទ្ធនាការ ជាច្រើន ដើម្បីជំរុញ និងស្នើសុំឱ្យរាជរដ្ឋាភិបាលដាក់កោះកុងក្រៅជាតំបន់អភិរក្សធនធានធម្ម ជាតិ ។
យុទ្ធនាការទាំងនេះក៏ជាផ្នែកមួយគាំទ្រទៅនឹងវិធានការ ជាច្រើនដែលក្រសួងបរិស្ថានបានអនុវត្ត កន្លងមក ក្នុងការដាក់កោះមួយនេះជាតំបន់ការពារ ឬជា ឧទ្យានជាតិសមុទ្រ” ដើម្បីទុកជាកេរ្តិ៍ដំណែល សម្រាប់កូនខ្មែរគ្រប់ជំនាន់ ដោយការរក្សាទុកកោះកុងក្រៅឱ្យនៅសភាពដើមទាំងស្រុង សម្រាប់បង្កើត ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ។ ការកំណត់ចំនួនភ្ញៀវទេសចរ ដោយយោងទៅតាមលទ្ធផលនៃការ សិក្សាស្រាវជ្រាវរបស់អ្នកជំនាញ គួរត្រូវបានធ្វើឡើង ដើម្បីរក្សាបាននូវគម្របព្រៃឈើដែលជាជម្រក របស់សត្វព្រៃ សត្វស្លាប រក្សាបាននៅសោភណភាពធម្មជាតិនៃកោះ បង្កើតការងារនិងផ្តល់ចំណូលដល់ ប្រជាពលរដ្ឋមូលដ្ឋាន ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលជាការជួយដល់សេដ្ឋកិច្ចជាតិ និង លើកស្ទួយមុខមាត់នៃប្រទេសកម្ពុជាទាំងមូលក្នុងឆាកអន្តរជាតិ ។
កិច្ចការអភិរក្ស គួរត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ដើម្បីធានាថាធនធានធម្មជាតិទាំងអស់ និងសោភ័ណភាពនៅលើកោះត្រូវបានរក្សាមិនមានការ បំផ្លាញដូចនៅកោះរ៉ុង កោះរ៉ុងសន្លឹម ដែលទោះបីជាត្រូវបានដាក់ជា “ឧទ្យានជាតិសមុទ្រ” ហើយ ក្តីក៏នៅ តែត្រូវទទួលរងនៅការបំផ្លិចបំផ្លាញដោយការបង្ហូរទឹកកង្វក់ចូលក្នុងសមុទ្រ ការសាងសង់អាគាររំលោភ ដីឆ្នេរ ការឈូសឆាយព្រៃឈើធ្វើផ្លូវ ជាដើម ។
ដូចបានជម្រាបជូនខាងលើយើងខ្ញុំ សូមអំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាល សូមឱ្យដកសិទ្ធិ អភិវឌ្ឍន៍កោះកុងក្រៅទាំងមូលពីក្រុមហ៊ុន កោះកុង អេសអឺផ្សិត ខូអិលធីឌី ហើយរក្សាកោះកុងក្រៅ ទាំងមូលជាតំបន់ការពារដោយច្បាប់ ឬ ឧទ្យានជាតិសមុទ្រ ដោយដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ដើម្បីធានាថាកោះមួយនេះនឹងមិនត្រូវបានបំផ្លាញ និងរក្សា បាននៅសភាពដើមទាំងស្រុងសម្រាប់ទុកជាតំបន់ទេសចរណ៍ធម្មជាតិ បែបផ្សងព្រេង ជាកន្លែងសិក្សា ស្រាវជ្រាវជីវចម្រុះ និងជាកេរ្តិ៍ដ៏ណែលរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ៕ ដោយ៖កូឡាប