Thursday, June 30, 2022

យុវ​សិស្ស​ម្នាក់ ជិះ​ម៉ូតូ​ប្រ​ញ៉ាប់​ទៅ​ប្រឡង​តាម​អន​ឡាញ ត្រូវ​រថយន្ត​កៀរ​កិន​ស្លាប់​តាមផ្លូវ​យ៉ាង​អាណោចអាធ័ម​

​ភ្នំពេញ ៖ យុវ​សិស្សសាលា​ជម្ពូ​វ័ន​ម្នាក់ ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​កូរ៉េ បើក​កៀរ​កិន​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ក្នុង​ដំណើរ​ស្រប​ទិស កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ នៅតាម​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ លន់ សៀងលី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្សសាលា រៀន​នៅ​ថ្នាក់​ទី​៧ នៃ​វិទ្យាល័យ​ជម្ពូ​វ័ន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ក្បែរ​កន្លែងកើតហេតុ ។​

​តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ធំ 1K-7116 បើក​តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ត្រូវបាន​រថយន្ត​កូរ៉េ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ចាម 3A-5449 បើក​ស្រប​ទិស មក​កៀរ​ហើយ​កិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង រីឯ​រថយន្ត​ព្យាយាម​បើក​រត់ បាន​ជាង​១​គីឡូម៉ែត្រ ទើប​កម្លាំង​សមត្ថកិច្ច​តាម​ចាប់​ឃាត់​បាន រួមទាំង​អ្នកបើកបរ ។​

​តាម​សម្តី​អ្នកបើកបរ​រថយន្ត ឈ្មោះ លួ​ន ស៊ាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹកទំនិញ​ជួល មាន​ទីលំនៅ​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ប៉ះ​រថយន្ត​គេ​ផ្សេង ហើយ​ខ្ទាតចូល​រថយន្ត​របស់​គាត់​តែម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ ស្លាកស្នាម​រួចហើយ​ប្រគល់​សាកសព ជូនទៅ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ចំណែក​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច រួមទាំង​អ្នកបើក​បរផង នគរបាល​យកទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​ក្រុង​កសាង​សំណុំរឿង​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖​នូ​ផាន់​ណា​